Tuesday, November 25, 2025
Homeព័ត៌មានជាតិប្រពន្ធដឹងលួចលាក់មានស្រីស្នេហ៍ ៥ឆ្នាំ ប្តីថាខុសហើយ តាមពិត១០ឆ្នាំ

ប្រពន្ធដឹងលួចលាក់មានស្រីស្នេហ៍ ៥ឆ្នាំ ប្តីថាខុសហើយ តាមពិត១០ឆ្នាំ

ភ្នំពេញ ៖ ស្ត្រីម្នាក់សង្កេតឃើញអត្តចរិត និងទង្វើរបស់ប្តី ហាក់ប្រែប្រួលខុសប្រក្រតីពីមួយថ្ងៃទៅមួយថ្ងៃ សង្ស័យថា ប្តីកំពុងបែកចិត្តលួចលាក់មានស្រីថ្មី ក៏លួចទៅបង្កប់ប្រព័ន្ធ GPS ក្នុងម៉ូតូរបស់ប្តី រួចក៏ព្យាយាមតាមប្តីគ្រប់ជំហាន ទីបំផុតក៏តាមដានដឹងថា ប្តីពិតជាកំពុងលួចលាក់មានស្រីពិតមែន ទើបតាមទៅដល់បន្ទប់ជួល រួចខ្ទប់ទ្វារចាក់សោជាប់ពីក្រៅ បន្ទាប់មករត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ហេតុការណ៍ប្រពន្ធបង្កប់ GPS តាមដានឃើញប្តីកំពុងសម្ងំរួមស្នេហ៍ជាមួយស្រីថ្មីក្នុងបន្ទប់ជួលខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលត្រូវប្រពន្ធតាមទាន់ឃើញកំពុងនៅក្នុងបន្ទប់ជួលជាមួយស្រីស្នេហ៍នេះ  មានឈ្មោះភា អាយុ៣៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន រស់នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកស្ត្រីជាប្រពន្ធដើម ឈ្មោះហៅ ចាន់រស្មី មានកូន២នាក់ក្នុងបន្ទុក។ ដោយឡែកស្រីស្នេហ៍ លួចលាក់មិនស្គាល់អត្តសញ្ញាណ មានកូនស្រីម្នាក់ក្នុងបន្ទុក និងមានលំនៅក្នុងផ្ទះជួលកើតហេតុ ខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធដើមបានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកគាត់បានរៀបការនឹងគ្នាជាច្រើនឆ្នាំមកហើយ ដោយបានរួមរស់បង្កើតបានកូនចំនួន២នាក់ជាចំណងនិស្ស័យ ដោយក្នុងនោះ កូនបងអាយុ១៥ឆ្នាំ ចំណែកកូនប្អូនអាយុជាង៤ឆ្នាំ។ តាមពិតប្តីរបស់គាត់បានលួចលាក់មានស្រីថ្មីអស់រយៈពេលជាង៥ឆ្នាំមកហើយ តែគាត់ជាប្រពន្ធមិនដែលតាមទាន់ជាក់ស្តែងឃើញច្បាស់នឹងភ្នែកដូចពេលនេះទេ។

ស្ត្រីជាប្រពន្ធដើមរូបនេះ បន្តថា នៅមុនពេលកើតហេតុ ដោយសារតែសង្កេតឃើញទាំងចរិតឬកពា កាយវិការសម្តីសំដៅប្តី ហាក់មានពិរុទ្ធគួរសង្ស័យថា កំពុងលួចលាក់មានស្រីថ្មី ប៉ុន្តែដោយសារមិនដែលតាមទាន់គ្មានភ័ស្តុតាងសម្រាប់ចោទប្រកាន់ ទើបគាត់បានលួចទៅដាក់ GPS នឹងម៉ូតូរបស់ប្តីគាត់ បន្ទាប់ពីប្តីរបស់គាត់បានជិះម៉ូតូមកដេកជាមួយស្រីលួចលាក់ ទើបគាត់បានតាមដានដឹងក៏ហៅទាំងបងប្អូន នាំគ្នាមកឃើញស្តែងនឹងភ្នែកថា ប្តីរបស់ខ្លួនមករស់នៅបន្ទប់ខាងលើ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះតែម្តង។ ហើយភ្លាមនោះ ដើម្បីកុំឱ្យប្តីគេចខ្លួនបាន ទើបគាត់ជាប្រពន្ធបានយកសោមកចាក់ពីខាងក្រៅ រួចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ។

ខណៈពេលនោះ ម្ចាស់ផ្ទះមិនឱ្យស្ត្រីជាប្រពន្ធដើមចាក់សោពីខាងក្រៅ និងមិនឱ្យធាក់បន្ទប់ជួលខាងលើទេ គឺរង់ចាំសមត្ថកិច្ចមកចាត់ការតាមនីតិវិធី ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ មកដល់បានណែនាំស្ត្រីជាប្រពន្ធដើម និងបុរសជាប្តីឱ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលចោមចៅ៣ តែប្រពន្ធដើមមិនអស់ចិត្តចង់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នាំស្ត្រីជាប្រពន្ធលួចលាក់យកទៅណែនាំនៅប៉ុស្តិ៍  ប៉ុន្តែសមត្ថកិច្ចមិនបាននាំស្ត្រីជាប្រពន្ធលួចលាក់ទៅប៉ុស្តិ៍នោះឡើយ។

បន្ទាប់ពីការណែនាំម្តងជាពីរដងរួច បុរសជាប្តី និងស្ត្រីជាប្រពន្ធដើម បានមកប៉ុស្តិ៍ ហើយសមត្ថកិច្ចណែនាំករណីលួចលាក់មានស្រីថ្មី បើប្រពន្ធតាមទាន់ប្តីមានសហាយ គឺប្រពន្ធអាចប្តឹងសមត្ថកិច្ចឃាត់ប្តី មិនមែនឃាត់ស្ត្រីជាប្រពន្ធលួចលាក់ទេ។ បើកាលណាប្រពន្ធលួចមានប្រុសថ្មីវិញ ប្តីប្តឹងសមត្ថកិច្ចឃាត់ប្រពន្ធ តែមិនមែនឃាត់ប្រុសដែលលួចលាក់ជាមួយប្រពន្ធនោះឡើយ។

តាមសម្តីបុរសជាប្តី បានឱ្យដឹងថា ប្រពន្ធដែលលួចលាក់ខាងលើ គឺមានការទំនាក់ទំនងស្នេហាអស់រយៈពេល១០ឆ្នាំមកហើយ មិនមែន៥ឆ្នាំទេ ដោយថែមទាំងមានកូនស្រីអាយុ៧ឆ្នាំទៀតផង។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចណែនាំហើយ រឿងរ៉ាវបានបែកធ្លាយបុរសជាប្តី នឹងដោះស្រាយជាមួយប្រពន្ធដើម ដោយលែងលះគ្នានៅសាលាសង្កាត់ ហើយខ្លួនសុំចុះចោលប្រពន្ធ និងកូនទៅដោយខ្លួនទទេ រួចទៅរស់នៅជាមួយប្រពន្ធចុងវិញ៕

RELATED ARTICLES