ខេត្តពោធិ៍សាត់ ៖ បុរសជាអ្នកសារព័ត៌មានវ័យចំណាស់ម្នាក់ បានធ្វើដំណើរកម្សាន្តទៅលេងរមណីយដ្ឋានទឹកជ្រោះ ជាមួយនឹងក្រុមគ្រួសារ លុះពេលកំពុងដើរមើលទេសភាពសុខៗ ស្រាប់តែជួបគ្រោះអកុសល រអិលជើងធ្លាក់ជ្រោះបណ្តាលឱ្យបាក់ជើងម្ខាងរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មថា ស្រុកវាលវែង។

បុរសរងគ្រោះខាងលើ មានឈ្មោះស្ងួន ឈឿន អាយុ៦០ឆ្នាំ មុខរបរ អ្នកយកព័ត៌មានប្រចាំទូរទស្សជាតិប៉ុស្តិ៍លេខ១០ ខេត្តពោធិ៍សាត់ មានលំនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះព្រមទាំក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ត្រង់ចំណុចទីតាំងកើតហេតុខាងលើ ក្នុងគោលបំណងលំហែកម្សាន្តជាមួយក្រុមគ្រួសារនៅថ្ងៃអាទិត្យបសម្រាកពីការងារ។

ប្រភពដដែលបន្តថា លុះពេលទៅដល់រមណីយដ្ឋានខាងលើ ជនរងគ្រោះក៏បានដើរមើលទេសភាព ស្រាប់តែចៃដន្យអាក្រកក់ បែរជារអិលជើងធ្លាក់ជ្រោះបណ្តាលឱ្យរងរបួសបាក់ភ្លៅខាងឆ្វេង រងរបួសយ៉ាងដំណំតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារលើកសែងដាក់ក្នុងរថយន្តផ្ទាល់ខ្លួន ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះ៕