ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានចូលរួមក្នុងពិធីជប់លៀងមួយ លុះក្រោយពីផឹកស្រវឹងទោទន់ ក៏ចូលទៅជួលបន្ទប់សណ្ឋាគារដេក១យប់ ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់លេខ៥០៥ ជាន់ទី៥ សណ្ឋាគារមួយកន្លែងទីតាំងផ្ទះលេខ២៥៦ ផ្លូវមហាវិថីព្រះមុនីវង្ស កែងផ្លូវ១០៩ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ DAI YONGGUANG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរអនុប្រធានផ្នែកគ្រប់គ្រងរោងចក្រ ស្នាក់នៅក្នុងរោងចក្រយីដាមេនូហ្វេកធឺរី ខុមផេនី លីមិតធិត ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំឈូកទេ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាន់លិខិតឆ្លងដែនលេខ EC4166358។

តាមការឱ្យដឹងពីឈ្មោះ CHUN LEUNG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រ កាន់លិខិតឆ្លងដែនលេខ KJ0729158 បានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ គាត់ និងជនរងគ្រោះ បានចូលមកកក់បន្ទប់សណ្ឋាគារ ដើម្បីដេកព្រោះដោយសារជនរងគ្រោះមានសភាពស្រវឹងខ្លាំងពេក បន្ទាប់ពីបានចូលរួមកម្មវិធី ជប់លៀងនៅម្តុំផ្លូវលេខ២៨២។
ប្រភពបន្តថា ពេលមកដល់សណ្ឋាគារបានជួលបន្ទប់លេខ២១៨ ជាន់ទី២ ហើយជនរងគ្រោះជួលបន្ទប់លេខ៥០៥ ជាន់ទី៥ ហើយក៏បានសម្រាកតាមបន្ទប់រៀងៗខ្លួន រហូតដល់ម៉ោង១១និង១០នាទីយប់ថ្ងៃដដែល គាត់បានឡើងទៅបន្ទប់ជនរងគ្រោះដើម្បីមើលពេលទៅដល់ឃើញជនរងគ្រោះដេកធម្មតាគ្រាន់ស្រមុក លោកក៏បានចុះមកបន្ទប់ខ្លួនវិញ។
លុះពេលព្រឹកឡើង គាត់ក៏បានឡើងមកបន្ទប់ជនរងគ្រោះម្តងទៀត (ព្រោះជនរងគ្រោះបានទុកសោបន្ទប់នៅគាត់) ពេលបើកទ្វារបន្ទប់ស្រាប់តែឃើញជនរងគ្រោះដេកស្តូកស្តឹងដោយគ្មានចលនាអ្វី ទាំងអស់ ពេលនោះលោកក៏បានជួយធ្វើចលនាលើខ្លួនប្រាណដើម្បីឱ្យដឹងខ្លួន ប៉ុន្តែនៅតែមិនដឹងខ្លួនដដែល ហើយលោកក៏បានរាយការណ៍មក អ្នកគ្រប់គ្រងសណ្ឋាគារ រួចអ្នកគ្រប់គ្រងសណ្ឋាគារបានរាយការជូនដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសល្យវិច័យពិនិត្យសព។
នៅកន្លែងកើតហេតុមានសម្ភារសព លុយដុល្លារចំនួន៥៨១ដុល្លារ លុយខ្មែរចំនួន១៨៩០០រៀល ទូរស័ព្ទអាយហ្វូន (iPhone 11Pro) ចំនួន១គ្រឿង អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន០១សន្លឹក កាតផ្សេងៗចំនួន១៦សន្លឹក និងខោអាវមួយចំនួនបានប្រគល់ឱ្យការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីផែនការងារអន្តោប្រវេសន៍ ដើម្បីរក្សាទុក។

ជាលទ្ធផល តាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នគ្រូពេទ្យកោសល្យវិច័យរាជធានី និងការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីជំងឺបេះដូង)។
ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់និងរក្សាទុកនៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីរង់ចាំតំណាងស្ថានទូត ចាត់ចែងបន្ត៕