ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនដុកទ័រសុខភាព និងសម្រស់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចាប់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ នាំយកសាកសួរពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្តទៅលើម្ចាស់ក្រុមហ៊ុន EAMLO Import & Export Co.Ltd ដែលជាក្រុមហ៊ុនចែកចាយ និងនាំចូលផ្តាច់មុខនូវផលិតផលទុយោទឹក ម៉ាកស្ពឺន និងប្រូហ្វីតពីរោងចក្រនៅប្រទេសម៉ាឡេស៊ី ព្រមទាំងបណ្តឹងជុំវិញការលក់ផលិផលឡេ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពស្បែករបស់អ្នកប្រើប្រាស់។

ជនសង្ស័យមានឈ្មោះអ៊ូច លក្ខិណា ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅបច្ចុប្បន្នផ្ទះលេខ៣ ផ្លូវC ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅម្តុំវិមានឯករាជ្យ ខណ្ឌដូនពេញ។

យោងតាមពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះឡូ ឫទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន EAMLO Import & Export Co.Ltd បានរៀបរាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះអ៊ូច លក្ខិណា មានបក្ខពួក២នាក់ទៀត ទី១-ឈ្មោះណៃ វិទូ ភេទប្រុស អាយុ២៥ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១៤ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះម៉ែន មនោ ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្ននៅក្រុមហ៊ុនហ៊ួត ជា ផ្លូវលេខ១៩២៨ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៣នាក់ គឺជាបុគ្គលិករបស់ជនរងគ្រោះចូលបម្រើការងារពីរបីឆ្នាំមកហើយ។ នៅក្នុងក្របខណ្ឌនៃការបំពេញមុខងារពួកគេទាំង៣នាក់ បានចាប់ផ្តើមសកម្មភាពប្រព្រឹត្តបទល្មើសចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០១៩ ដោយធ្វើការអូសទាញញុះញង់បុគ្គលិកក្រុមហ៊ុនទាំងអស់ឱ្យឈប់ធ្វើការ រហូតអូសទាញអតិថិជនធំៗជាច្រើន ដូចជា គម្រោងបុរីសង្ឃឹមថ្មី បុរីចតុមុខស៊ីធី ដេប៉ូពៅកន និងអតិថិជនផ្សេងៗទៀត ឱ្យបញ្ឈប់ការបញ្ជាទិញទំនិញពីក្រុមហ៊ុនរបស់ជនរងគ្រោះថែមទៀត។

ម្ចាស់ដើមបណ្តឹងរៀបរាប់បន្តថា បុគ្គលទាំង៣រូបនេះមានចិត្តទុច្ចរិតបានព្រួតដៃគ្នាប្រើល្បិចកល់គ្រប់បែបយ៉ាងជាច្រើនទៀត គោលបំណងធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរបស់ជនរងគ្រោះដួលរលំ ហើយពួកគេអូសទាញអតិថិជនទាំងអស់ឱ្យមកទិញទំនិញទាំងនោះនៅក្រុមហ៊ុនរបស់ពួកគេឈ្មោះដុកទ័រសុខភាព និងសម្រស់ ដោយមានឈ្មោះ អ៊ូច លក្ខិណា និងប្រពន្ធ ណៃ មួយអ៊ីម ជាប្រធានក្រុមហ៊ុនមួយនេះ។
ដោយឡែក ជនខាងលើក៏បានទទួលរងនូវបណ្តឹងពីអតិថិជនដែលជាសាខាចែកចាយផលិតផលឡេនាំយកមកពីប្រទេសជប៉ុនផងដែរ ដោយសារតែផលិតផលទាំងអស់នោះ ពេលអតិថិជនទិញយកទៅប្រើ គឺប៉ះពាល់ស្បែករមាស់ឡើងកន្ទួលជាដើម។

ដោយអំពើទុច្ចរិតចង់ផ្តួលរំលំក្រុមហ៊ុនបែបនេះហើយ ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងទៅដល់ស្ថាប័នតុលាការ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីតាមចាប់ជនសង្ស័យទាំង៣នាក់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែទើបតែប្រមាញ់ចាប់បាន នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ៕