Tuesday, November 25, 2025
Homeព័ត៌មានជាតិប្រពន្ធចង្អុលបង្ហាញសមត្ថកិច្ច ផ្ទះដែលរាបស្នើដី ដោយសារប្តី

ប្រពន្ធចង្អុលបង្ហាញសមត្ថកិច្ច ផ្ទះដែលរាបស្នើដី ដោយសារប្តី

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់តែងដើរផឹកស៊ីស្រវឹងអួទីនួសឹងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងម្តងៗតែងបង្ករឿងអុកឡុកវាយដំប្រពន្ធកូនមិនស្វាង លុះគ្រាន់តែខឹងរឿងមកពីផឹកវិញ ប្រពន្ធអត់ទាន់ដាំបាយឱ្យហូប ក៏មួម៉ៅក្តៅចិត្តដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះខ្ទេចអស់គμនាសល់។

ករណីខាងលើនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចបឹងប៉ុស ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោកសែនជ័យ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា បុរសជាប្តីចិត្តក្តៅដែលគ្រាន់តែខឹងប្រពន្ធអត់ដាំបាយហូប បែរជាដុតផ្ទះឆេះហ្មត់ខាងលើនេះ មានឈ្មោះប៉ែន អ៊ន អាយុ៥២ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះកាក់ តូច អាយុ៦០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការខូចខាត មានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស្បូវ ជញ្ជាំងបាំងស្បូវ រនាបក្រាលក្តារ និងឬស្សី។

ប្រភពដដែលបន្តថា កន្លងមកបុរសជាប្តីខាងលើនេះតែងដើរផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ មិនសូវជួយធ្វើការរកស៊ីអ្វីចិញ្ចឹមប្រពន្ធកូននោះទេ ហើយឱ្យតែពេលស្រវឹងម្តងៗ ចេះតែបង្ករឿងឈ្លោះប្រកែក វាយតប់ប្រពន្ធកូនជាញឹកញាប់។

លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យជាប្តីទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ស្រាប់តែមកដល់ផ្ទះចូលទៅបើកឆ្នាំងរកបាយហូប អត់ឃើញមានបាយក្នុងឆ្នាំង ក៏សួរនាំប្រពន្ធ ទើបប្រពន្ធប្រាប់ថា អត់ទាន់បានដាំបាយហូបទេ ព្រោះរវល់ខ្លាំងពេក ស្រាប់តែភ្លាមនោះបុរសជាប្តីកំណាចខឹងច្រឡោតរករឿងវាយដំចានឆ្នាំងបណ្តាលឱ្យខូចខាតខ្ទេចអស់ លុះកំហឹងឆេះឆួលមិនទាន់បាត់ ក៏ធ្វើសកម្មភាពដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ រហូតធ្វើឱ្យរងការខូចខាតអស់ទាំងស្រុងតែម្តង។

តាមការបញ្ជាក់ឱ្យដឹងពីស្ត្រីជាប្រពន្ធ អគ្គិភ័យដែលបង្កឡើងដោយស្នាដៃប្តីខាងលើនេះ បានឆេះបំផ្លាញផ្ទះរបស់គាត់១ខ្នងទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះគ្មានសល់។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាលោ បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនបុរសជាប្តី នាំយកមកធ្វើការសាកសួរនិងអប់រំ តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ៕

RELATED ARTICLES