Tuesday, November 25, 2025
Homeព័ត៌មានជាតិឈ្លោះជាមួយសង្សារចប់ ប្អូនស្រីប្រាប់ថា "កុំគិតច្រើនពេក គិតតែខ្លួនឯងទៅ" ប៉ុន្តែគាត់...

ឈ្លោះជាមួយសង្សារចប់ ប្អូនស្រីប្រាប់ថា “កុំគិតច្រើនពេក គិតតែខ្លួនឯងទៅ” ប៉ុន្តែគាត់…

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងសង្សាររបស់ខ្លួនអស់រយៈពេល៣ថ្ងៃមកហើយ ធ្វើឱ្យខាងប្រុសឈឺចិត្តស្អិតទ្រូងដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួនខាងលើ មានឈ្មោះប៉ង់ សំនឿន អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមការបំភ្លឺរបស់ស្ត្រីឈ្មោះហ៊ុត លាងហេង អាយុ៣០ឆ្នាំ ត្រូវជាប្អូនស្រីរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះមានអារម្មណ៍មិនសប្បាយសោះ ព្រោះតែឈ្លោះជាមួយសង្សារ២ទៅ៣ថ្ងៃមកហើយ ទើបចេះតែដើរទៅដើរមក ហើយគាត់ជាប្អូនស្រីក៏បានប្រាប់ទៅជនរងគ្រោះថា កុំគិតច្រើនពេក គិតតែខ្លួនឯងទៅ។

ប្អូនស្រីរបស់ជនរងគ្រោះ បន្តថា លុះដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែល គាត់កំពុងធ្វើម្ហូបនៅក្រោមផ្ទះ បន្ទាប់មកឈ្មោះហ៊ុត គឹមហេង ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះបានមកពីលក់ដូរក៏សួររកជនរងគ្រោះ ប៉ុន្តែមិនឃើញ ហើយសង្ស័យថានៅលើផ្ទះ ក៏បានស្រែកហៅជនរងគ្រោះ តែមិនឮឆ្លើយសោះ ទើបឡើងទៅលើផ្ទះមើលឃើញជនរងគ្រោះចងកជាប់នឹងធ្នឹមផ្ទះ ធ្វើឱ្យកើតមានការផ្អើលឆោឡោស្រែកហៅបងប្អូនអ្នកជិតខាងឱ្យជួយនាំគ្នាលើកយកជនរងគ្រោះចុះក្រោម និងព្យាយាមជួយរឹតទ្រូង ធ្វើចលនាបេះដូងឱ្យជនរងគ្រោះដែរ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅជុំវិញករបស់សពមានស្នាមខ្មៅ និងបែកគ្រាប់ពោន។

តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើក្រណាត់វាំងននបង្អួច ពណ៌សលាយខៀវ ប្រវែង១,១០ម៉ែត្រ ចងកជាប់នឹងធ្នឹមផ្ទះបណ្តាលឱ្យស្លាប់។ មូលហេតុ ដោយសារជនរងគ្រោះកើតមានជម្លោះជាមួយនឹងសង្សារ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES