ភ្នំពេញ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងចាត់វិធានការលើអ្នកបើករថយន្ត TUNDRA ពាក់ស្លាកលេខភ្នំពេញ 2AZ-0054 ដែលបានបង្កការរំខានរហូតគំរាមបាញ់ប្រជាពលរដ្ឋដែលរស់នៅនៅក្នុងបុរីពិភពថ្មី ខណ្ឌកំបូល។

ការចុះស្រាវជ្រាវ និងចាត់វិធានការលើអ្នកបើករថយន្ត TUNDRA ខាងលើនេះ ក្រោយពីមានប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់ក្នុងបុរីពិភពថ្មី ខណ្ឌកំបូល បានរាយការណ៍មកថា អ្នកបើករថយន្តរូបនេះទំនងជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានបើករថយន្តចូលទៅក្នុងបុរី ដោយល្បឿនលឿន មិនខ្លាចរអែង និងខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនោះ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពកូនៗរបស់ខ្លួន។

ជាមួយគ្នាប្រជាពលរដ្ឋទាំងនោះ ក៏បណ្តឹងចំនួន៣បទល្មើសផងដែរ រួមមាន ១-ប៉ុនប៉ងមនុស្សឃាតដោយចេទនា ២-បង្កការអុកឡុក ក្នុងមូលដ្ឋាន បុរីពិភពថ្មី និង៣-បទគំរាមគំហែងអាយុជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋានបុរីពិភពថ្មី។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា អ្នកបើករថយន្តខាងលើបានចូលមកផឹកស៊ីនៅផ្ទះលេខ២៩ ផ្លូវលេខ១៧ ក្នុងបុរីពិភពថ្មីកំបូល កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ហើយបានបើកបរក្នុងស្ថានភាពស្រវឹងតាមបណ្តោយផ្លូវក្នុងបុរី ដែលមានប្រជាពលរដ្ឋ និងក្មេងៗជាច្រើនកំពុងលើផ្លូវនេះ។

ប្រជាពលរដ្ឋបានបន្តទៀតថា អ្នកបើករថយន្តនេះបានបើកបរបួងទួងកង់ តំឡើងភ្លើងឡេស៊ែរក្នុងបុរី ដែលក្មេងតូចៗកំពុងរត់លែង និងជិះស្គីនៅនិងចិញ្ចើមផ្លូវមុខផ្ទះ។ ពេលឃើញស្ថានភាពបែបនេះ ប្រជាពលរដ្ឋខ្លះក៏បានណែនាំ និងប្រាប់ថា កុំបើកលឿនប្រយ័ត្នបុកក្មេងៗ ស្រាប់តែអ្នកបើករថយន្តដែលអាយុក្រោម៤០ឆ្នាំរូបនេះ ក៏ចុះពីរថយន្តមករករឿងពួកគាត់ ថែមទាំងបានចង្អុលមុខកត់លេខផ្ទះ និងបោះពាក្យសម្តីចុងក្រោយថា “បាញ់ចោលរួចរត់ចូលបន្ទាយ”។

ប្រជាពលរដ្ឋបន្តថា ជនបង្កគ្មានផ្ទះនៅតំបន់នោះទេ ប៉ុន្តែនៅថ្ងៃកើតហេតុ បានទៅផឹកស៊ីនៅផ្ទះខាងលើ ដែលទំនងជាមិត្តភក្តិ ឬបងប្អូន លុះផឹកស៊ីស្រវឹងស្រាប់តែបង្កភាពអនាធិបតេយ្យបែបនេះតែម្តង។ ក្រោយមកប្រជាពលរដ្ឋបានចេញទៅប្រាប់ និងសួរនាំ ស្រាប់តែក្រុមជនបង្កខឹងច្រឡោត បញ្ចោញចរិតក្អេងក្អាង។

ក្រោយខឹងសម្បារឿងគេទៅសួរ និងប្រាប់កុំឱ្យបង្កការរំខាននោះ ជននេះបានតេហៅបក្ខពួកមកបន្ថែម ទំនងជាកូនចៅរបស់ខ្លួនពាក់អាវយឺតពណ៌ត្រៃអ៊ី (ពណ៌ទាហាន) ដើម្បីគំរាមប្រជាពលរដ្ឋ ថែមទៀត។ ចំពោះទង្វើបែបនេះ ក្រុមប្រជាពលរដ្ឋបានទទូចសុំអន្តរាគមន៍ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការអាវុធហត្ថ ដើម្បីចាត់វិធានការតាមច្បាប់ កុំមានរថយន្តទំនើប និងមានបុណ្យស័ក្តិមកធ្វើការគំរាមគំហែងប្រជាពលរដ្ឋរបៀបនេះ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាអ្នកបើកបររថយន្ត TUNDRA ខាងលើបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕