ភ្នំពេញ ៖ ម្ចាស់ទូកទេសចរណ៍២គ្រឿងបានកើតមានទំនាស់នឹងគ្នាពីរឿងកន្លែងចត រហូតកើតជាការគុំគួន និងឈានដល់អំពើហិង្សា ដោយភាគីម្ចាស់ទូក២នាក់ប្តីប្រពន្ធបានបើកទូកទៅបំបុកទូកទេសចរណ៍ដែលជាគូទំនាស់ បណ្តាលឱ្យរងការខូចខាត រួចទាញពូថៅកាប់បង្កាន់ដៃទូក និងថែមទាំងយកសាំងមកជះបម្រុងដុតបំផ្លាញចោលទៀតផង ទីបំផុតភាគីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីជាប្រពន្ធមកសួរនាំ ខណៈបុរសជាប្តីបានគេចខ្លួនបាត់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេសាប ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមសម្តីស្ត្រីឈ្មោះទូច ឈាងម៉េង អាយុ៤០ឆ្នាំ មុខរបរម្ចាស់ទូកទេសចរណ៍ និងមានស្រុកកំណើតនៅភូមិព្រែកកំបៅ៣ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជាម្ចាស់ទូករងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ពួកគាត់បានចូលចតទូកទេសចរណ៍នៅចំណុចកើតហេតុខាងលើ ស្រាប់តែឃើញទូកឈ្មោះមេគង្គស្តារ បានចូលចតក្បែរទូករបស់គាត់ ហើយភ្លាមនោះ ប្តីប្រពន្ធ២នាក់ជាម្ចាស់ទូកបានជេរប្រមាថមកលើពួកគាត់យ៉ាងចាស់ដៃ ដោយបុរសម្នាក់ឈ្មោះរ៉ា ជាម្ចាស់ទូកបង្កហេតុ បានទាញពូថៅមកកាប់បំផ្លាញបង្កាន់ដៃទូករបស់ពួកគាត់ឈ្មោះ (ឈឿន ម៉េងហៀក ទេសចរណ៍) បណ្តាលឱ្យខូចខាតយ៉ាងដំណំ។

ចំណែកស្ត្រីម្នាក់ឈ្មោះភួន ចាន់ល័ក្ខ ត្រូវជាប្រពន្ធខាងភាគីបង្ក ក៏បានទាញដែកចង្អើរអាំងសាច់គប់មកលើរូបគាត់ជាម្ចាស់ទូកឈ្មោះ (ឈឿន ម៉េងហៀក ទេសចរណ៍) តែគាត់គេចផុត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរនៅលើទូកជាខ្លាំងតែម្តង។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងប្រមាណជាង៩យប់ថ្ងៃដដែល ភាគីបង្កបានដាក់ភ្ញៀវចុះអស់ រួចក៏បានបើកទូកមកបុកទូករបស់ពួកគាត់ជាជនរងគ្រោះទាំងកំរោល បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះក៏បើកទូកចេញទៅបាត់តែម្តង។

ក្រោយកើតហេតុ ភាគីរងគ្រោះក៏បានទៅប្តឹងដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលជ័យជម្នះ ឱ្យជួយធ្វើអន្តរាគមន៍រកយុត្តិធម៌។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ ដែលជាអធិការខណ្ឌ បានសហការជាកម្លាំងអន្តរាគមន៍ជើងទឹក ចុះទៅស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ជាជនបង្ក តែរកមិនឃើញ ក៏បាននាំខ្លួនស្ត្រីម្នាក់ជាប្រពន្ធជនបង្កទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។
ចំពោះមូលហេតុដែលក្រុមការងារយើងទទួលបានបឋម គឺជម្លោះគ្នានេះបណ្តាលមកពីការដណ្តឹមកន្លែងចត៕