នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ MeyMey បានចូលខ្លួនមកបំភ្លឺជុំវិញការសរសេរខ្លឹមសារបង្ហោះដោយភ្ជាប់រូបភាពមន្រ្តីនគរបាលចរាចរណ៍កំពុងអនុវត្តវត្តច្បាប់ចរាចរណ៍ជើងគោក លើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នោះហើយ។

នារីដែលត្រូវសមត្ថកិច្ចហៅមកសួរនាំខាងលើនេះ មានឈ្មោះ ហេង រស្មី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នារីរូបនេះបានបង្ហោះសារថា “ទៅមិនទាន់ដល់ផង មានសត្វចម្លែកនៅខាងមុខកាក់ផ្លូវ បើបងប្អូនណាចង់មកលេងប្រាសាទបាណន់ ប្រយ័ត្នប្រយ៉ែងផង”។

ក្រោយបង្ហោះសារខាងលើនេះភ្លាម កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញមុខបដិសេធ និងបានកោះហៅនារីរូបនេះ មកកាន់ស្នងការដើម្បីធ្វើការសាកសួរ។

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នារីខាងលើបានចូលខ្លួនបំភ្លឺថា នាងមានចេតនាសរសេរសំដៅចំពោះមន្រ្តីនគរបាលចរាចរណ៍ ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវនោះថា (ជាសត្វចម្លែក) ប្រាកដមែន។
កញ្ញាហេង រស្មី បានបញ្ជាក់ថា ការបង្ហោះសារខាងលើនោះ ជាការសរសេរលេងសើចតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលបានកើតឡើងនៅពេលនោះ គឺនាងនិងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូទៅលេងប្រាសាទបាណន់ ហើយក្នុងចំណោម នាងនិងមិត្តភក្តិមិនបានពាក់មួកសុវត្ថិភាពនោះទេទេ ហើយបានធ្វើដំណើរតាមដងផ្លូវ ក៏ជួបសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ ប៉ុន្តែសមត្ថកិច្ចមិនធ្វើការផាកពិន័យនាងឡើយ ចុងក្រោយនាងបានថតរូបភាពសមត្ថកិច្ច រួចក៏ធ្វើការបង្ហោះដោយមានខ្លឹមសារបែបនេះតែម្តង។

នៅពេលសាកសួររួច ម្ចាស់គណនីហ្វេសប៊ុកនេះបានទទួលស្គាល់កំហុស ហើយសមត្ថកិច្ចក៏បានឲ្យនាងធ្វើលិខិតសំទោសចំពោះកងកម្លាំងនគរបាលជាតិទូទៅ ពិសេសនគរបាលចរាចរណ៍ ហើយនាងបានអំពាវនាវសូមកុំឱ្យបងប្អូនប្រជាពលរដ្ឋកុំយកគំរូតាមនាងឱ្យសោះ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕