ភ្នំពេញ ៖ បុរសម្នាក់បានដើរផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹងជោកជាំ ទើបពេលត្រឡប់មកដល់ផ្ទះវិញ កើតមានអាការរវើរវាយរហូតដល់គាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៥១ ផ្លូវលេខ53BT ក្រុមទី២ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
សពជនរងគ្រោះមានឈ្មោះឈិន បូរី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានទៅផឹកស៊ីជាមួយមិត្តភក្តិនៅម្តុំទឹកថ្លា ខណ្ឌសែនសុខ រហូតដល់ម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះក៏ចាប់ផ្តើមកើតមានអាការៈរវើរវាយ ទើបមិត្តភក្តិដឹកយកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត តែពេលទៅដល់ពេទ្យគ្រូពេទ្យពិនិត្យ រួចប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបដឹកសាកសពជនរងគ្រោះមកផ្ទះរួចដាក់ថ្នាំរក្សាសព រួចរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យបានចុះមកធ្វើការពិនិត្យសាកសព បានបញ្ជាក់ថា ជនរងគ្រោះគាំងបេះដូងស្លាប់ដោយសារការប្រើប្រាស់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន និងប្រគល់ឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី។

យ៉ាងណា ស្រីស្អាតម្នាក់បានបង្ហោះសាររៀបរាប់ទុក្ខសោក និងពីអារម្មណ៍ពិតដែលកំពុងបាត់បង់ និងបានកាន់ដៃបុរសខាងលើនេះទៀតផង។

គណនីហ្វេសប៊ុកឈ្មោះ Socheata Chea បានបង្ហោះសារថា “ការបាត់បង់នេះធ្វើឲ្យទឹកភ្នែកហូរចុះមក គឺជាទឹកភ្នែកដែលហូរចេញមកពីបេះដូង ទោះបែកគ្នាយូរឆ្នាំ ទោះឈប់ស្រលាញ់ តែពិតជាធ្លាប់ស្រលាញ់…

កាន់ដៃជាលើកចុងក្រោយ ប៉ះសាច់ជាលើកចុងក្រោយ ក៏លែងបានឃើញមុខគ្នាជារៀងរហូត សួរខ្លួនឯងថាកំពុងយល់សប្តិឬ? វាមិនមែនជាការពិតទេមែនអត់? ដែលត្រូវមកអង្គុយមើលមនុស្សដែលយើងតែងធ្លាប់ចង់ឲ្យល្អ តែងទូន្មាន តែងសម្លឹងមើលពីចម្ងាយ តែពេលនេះគេពិតជាឈប់ដកដង្ហើមទៅហើយ

ទទួលយកមិនបាន លឿនយ៉ាងនេះ ទន់ខ្លួន សោកសៅ អារម្មណ៍ថាមិនត្រូវ ធ្វើអីមិនបាន សរសេរក៏ទាំងទឹកភ្នែកហូរចុះមកដោយការពិតមិនអាចប្រកែកបាន សូមវិញ្ញានខណ្ឌ័ទៅអោយបានសុខ សូមកើតជាតិណាៗ កុំអាយុខ្លីដូចជាតិនេះទៀតណា Chhin Borey”៕