Tuesday, November 25, 2025
Homeព័ត៌មានជាតិតាមរយៈ "នគរធំ" គាត់សំណូមពរជាថ្មីម្តងទៀត សុំសម្តេចទាំងពីរជួយរកយុត្តិធម៌

តាមរយៈ “នគរធំ” គាត់សំណូមពរជាថ្មីម្តងទៀត សុំសម្តេចទាំងពីរជួយរកយុត្តិធម៌

ភ្នំពេញ ៖ ក្រុមគ្រួសារស្រីស្អាតជានិស្សិតពេទ្យ ដែលត្រូវគូដណ្តឹងបាញ់សម្លាប់យ៉ាងសាហាវឃោរឃៅ កាលពី៦ខែមុននោះ បានបន្តយំសុំសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួយអន្តរាគមន៍ចាប់ឃាតករមកផ្តន្ទាទោសតាមច្បាប់ឱ្យបាន ដោយក្រុមគ្រួសារនារីរងគ្រោះមិនព្រមទទួលយកលុយ១ម៉ឺនដុល្លារ ពីក្រុមគ្រួសារឃាតករដើម្បីដកពាក្យបណ្តឹងនោះទេ។

អ្នកស្រីជុន ធានី អាយុ២១ឆ្នាំ ត្រូវជាប្អូនស្រីនារីរងគ្រោះបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា “បានត្រឹមនឹកបានត្រឹមយំ គ្មានស្រមោលបង សូម្បីតែបន្តិច ប្អូននឹកចង់ខ្លោចចិត្តហើយ យុត្តិធម៌នៅឯណា សូមសម្តេចជួយពន្លឺដល់កូនចៅផង”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ អ្នកស្រីជុន ធានី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ថា ជាការពិត ក្រុមគ្រួសាររបស់នាងពិតជាចង់ឱ្យសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យណាស់ ព្រោះមានតែសម្តេចទាំងទ្វេនេះទេ ដែលអាចជួយអន្តរាគមន៍នៅក្នុងករណីសម្លាប់មនុស្សនេះបាន។

ក្រុមគ្រួសារនារីរងគ្រោះ ស្នើសុំសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រកយុត្តិធម៌

ម៉្យាងទៀត ក្រុមគ្រួសាររបស់នាងមិនអាចទទួលយកលុយ១ម៉ឺនដុល្លារ ដែលក្រុមគ្រួសារឃាតករនោះ សន្យាប្រគល់ឱ្យជាថ្នូរនឹងការដកពាក្យដណ្តឹងវិញទេ ព្រោះមនុស្សស្លាប់មួយទាំងមូល មិនអាចទទួលយកប្រាក់ជំងឺចិត្តត្រឹមប៉ុណ្ណឹងទេ គឺដាច់ខាតត្រូវចាប់ឃាតករយកមកផ្តន្ទាទោសឱ្យបាន។

ដូច្នេះជាថ្មីម្តងទៀត នាងសូមស្នើសុំសម្តេចហ៊ុន សែន មេត្តាជួយស្វែងរកយុត្តិធម៌ឱ្យក្រុមគ្រួសាររបស់នាង ក្នុងករណីឃាតកម្មលើបងស្រីនាងនេះ ឱ្យបានឆាប់ផង ព្រោះមកដល់ពេលនេះ មានរយៈពេល៦ខែមកហើយ ដែលឃាតករបាញ់សម្លាប់បងស្រីនាងនៅមានសេរីភាពក្រៅសំណាញ់ច្បាប់នៅឡើយ។

លោកជុន រដ្ឋា អាយុ៣០ឆ្នាំ ត្រូវជាបងប្រុសទី៣ របស់នារីរងគ្រោះ ដែលមានឈ្មោះក្នុងហ្វេសប៊ុក “រាជនីតន្ត្រីសម័យ” ក៏បានបង្ហោះសារទាំងកំហឹងឈឺចាប់ខ្លាំងៗ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ថា “មើលរូបប្អូនស្រីម្តងណាចង់តែដើរ៣ជំហានឱ្យដល់គោលដៅ បើអ្ហែងមិនសងជីវិតប្អូនស្រីអញ ឱ្យម៉ែឪអ្ហែងសងជំនួសមក”។

នាងជុន ផាន់ណា ជាបងស្រីរបស់នារីរងគ្រោះម្នាក់ទៀត សរសេរនៅក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ថា “ម៉ោងជិត២ហើយ ខ្ញុំនៅតែដេកមិនលក់ ព្រោះនឹកប្អូនពេក ស្រមៃហេតុការណ៍នៅថ្មីៗ អត់ទេ! ខ្ញុំមិនអាចធ្វើចិត្តបានទេ…”។

ជុន ផាន់ណា បានសរសេរបន្ថែមថា “នឹកប្អូនគ្រប់ពេល តែពេលមេឃភ្លៀង ជាពេលដែលខ្ញុំនឹកទ្រាំមិនបាន នឹកឃើញអស់ហើយ អនុស្សាវរីយ៍តាំងតែពីតូចមក សូមប្អូនទៅកាន់សុគតិភព ហើយកើតជាតិណាៗសូមឱ្យយើងក្លាយជាបងប្អូននឹងគ្នាទៀត កុំឱ្យអាយុខ្លីដូចជាតិនេះឱ្យសោះ”។

នារីរងគ្រោះ

អ្នកស្រីសោម ផល្លី អាយុ៥៥ឆ្នាំ ជាម្តាយនារីរងគ្រោះបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ថា “រាល់ថ្ងៃមិនចង់បានអ្វីក្រៅពីឱ្យជីវិតកូនស្រីរស់ឡើងវិញទេ ដើមទ្រូងម្តាយ សូម្បីស្រមោចវារលើកូនមិនបានផង តែនេះអ្នកផ្តាច់ជីវិតកូនខ្ញុំ ហើយមិនទទួលខុសត្រូវ ទាំងម្តាយឪពុកកូន កូនរត់គេច ម្តាយឪពុកប្រឹងលាក់ មិនទទួលខុសត្រូវទាំងអស់គ្នាសងជីវិតកូនខ្ញុំវិញមក”។

បន្ថែមលើសំណេរសោកសៅតាមហ្វេសប៊ុកខាងលើនេះ អ្នកស្រីសោម ផល្លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ទាំងទឹកភ្នែកថា អ្នកស្រីពិតជានឹកស្តាយស្រណោះអាឡោះអាល័យកូនស្រីខ្លាំងណាស់ រហូតអស់រយៈពេល៦ខែមកនេះ អ្នកស្រីនៅតែយំ គឺយំ១ថ្ងៃ ២ដង ជាពិសេសឱ្យតែបើកឃើញសៀវភៅឃើញឯកសាររៀនរបស់កូន ទឹកភ្នែកគាត់ហូរមកឥតឈប់ ដូចទឹកបាក់ទំនប់ ព្រោះអ្នកស្រីសែននឹកអាណិតកូនជាពន់ពេក អាណិតត្រង់ថា នាងបានតស៊ូរៀនខាងពេទ្យចប់ទៅហើយ នៅតែប្រលងចូលក្របខ័ណ្ឌរដ្ឋប៉ុណ្ណោះ តែមិនគួរណាឃាតករអប្រិយមក ប្រល័យជីវិតនាងឱ្យស្លាប់សូន្យសុងយ៉ាងនេះសោះ អ្នកស្រីពិតជារកពាក្យអ្វីមកពណ៌នាពីកម្សួលទុក្ខសោកមិនអស់ទេ។

អ្នកស្រីសោម ផល្លី បានបន្តថា តាំងពីកូនស្រីស្លាប់យ៉ាងអាណោចអាធ័មនេះមក ក្រុមគ្រួសារគាត់បានទៅដាក់ពាក្យបណ្តឹងរួចហើយ គឺដាក់បណ្តឹងក្រោយកើតហេតុការណ៍ ហើយថ្មីៗហើយតុលាការបានកោះហៅក្រុមគ្រួសារគាត់ទៅម្តងដែរ តែដូចជាមិនឃើញបានលទ្ធផលអ្វីទេ។ ចំណែកក្រុមគ្រួសារឃាតករនោះមកជួបគាត់២ដង ដោយសុំបង់ជំងឺចិត្តជាប្រាក់១ម៉ឺនដុល្លារ ដើម្បីឱ្យគាត់ដកពាក្យបណ្តឹងចេញវិញ។ តែក្រុមគ្រួសារគាត់មិនអាចទទួលយកបានទេ ព្រោះប្រាក់ប៉ុណ្ណេះវាមិន ស្មើនឹងការបាត់បង់កូនស្រីជាទីស្រលាញ់របស់គាត់ទេ ដូច្នេះគាត់ចង់បានទាំងប្រាក់ជំងឺចិត្តសមរម្យ និងការចាប់ឃាតករមកផ្តន្ទាទោសតាមច្បាប់ឱ្យបាន ទើបរូបគាត់ក៏ដូចជាក្រុមគ្រួសារទាំងមូលស្ងប់ចិត្ត។

ជនសង្ស័យកំពុងរត់គេចខ្លួន

អ្នកស្រីសោម ផល្លី បន្តទាំងទឹកភ្នែកទៀតថា បើសិនជាសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចេញមុខជួយអន្តរាគមន៍តាមផ្លូវច្បាប់ អ្នកស្រីសង្ឃឹមថា នឹងទទួលបានយុត្តិធម៌លើស១០០%ទៅទៀត ព្រោះអ្នកដែលនិយាយបាន ឬនិយាយទៅមានឥទ្ធិពល មានតែសម្តេចទាំងទ្វេទេ គឺបើសម្តេចទាំងពីរចេញមុខធ្វើអន្តរាគមន៍ ប្រាកដជាបានលទ្ធផលវិជ្ជមានមិនខាន ព្រោះកន្លងមក ឱ្យតែសម្តេចស្រែករឿងអ្វីមួយ តែងតែធ្វើបានដូចបំណង។

ប៉ុន្តែមិនដឹងធ្វើម៉េចឱ្យសម្តេចទាំងពីរបានដឹង បើគាត់ធ្លាប់សរសេរការស្នើសុំនេះចូលក្នុងផេកហ្វេសប៊ុករបស់សម្តេច និងបានផ្ញើទៅក្រសួងមហាផ្ទៃ រួចហើយ តែមិនឃើញសម្តេចឆ្លើយតប។ ដូច្នេះតាមរយៈ “នគរធំ” នៅពេលនេះ អ្នកស្រីសូមសំណូមពរជាថ្មីម្តងទៀត សុំសម្តេចទាំងពីរជួយរកយុត្តិធម៌ នៅក្នុងរឿងនេះផង ព្រោះអស់រយៈពេល៦ខែហើយ ដែលក្រុមគ្រួសារអ្នកស្រីទន្ទឹងរង់ចាំយុត្តិធម៌។

គួររំលឹកថា កាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានករណីអំពើឃាតកម្មដ៏សាហាវមួយ នៅចំណុចផ្ទះលេខ H03 ផ្លូវលំ BT ក្នុងបុរីរំចេកអូរដឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នារីរងគ្រោះវ័យក្មេងស្រស់ស្អាត មានឈ្មោះជុន ឌីណា អាយុ ២៦ឆ្នាំ ជានិស្សិតពេទ្យយោធា និងជាអ្នកលក់គ្រឿងសម្អាងតាមអនឡាញ ត្រូវបានបុរសជាគូដណ្តឹងមានឈ្មោះយឺន វ៉ាន់ដេត អាយុ៣០ឆ្នាំ មុខរបរជានាយទាហាននៅអង្គភាពកងពលតូចលេខ៧០ មានឋានន្តរស័ក្តិវរសេនីយ៍ត្រី បានបាញ់ប្រហារចំនួន៥គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ដែលគេសង្ស័យថាផ្តើមចេញពីរឿងប្រចណ្ឌ។

គិតមកទល់ពេលនេះ មានរយៈពេល៦ខែទៅហើយ ដែលជនសង្ស័យឃាតករបានរត់គេចខ្លួននៅតែពុំទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ។ ដោយសារតែយុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែបន្តស្ងាត់ឈឹងបែបនេះ ទើបក្រុមគ្រួសារជនរងគ្រោះស្នើសម្តេចហ៊ុន សែន ជួយអន្តរាគមន៍ចាប់ឃាតករឱ្យបាន ខណៈដែលមហាជនភាគច្រើនសង្ស័យថា ជនសង្ស័យជាឃាតករទំនងជាមានខ្សែធំនៅពីក្រោយ ទើបរឿងនេះបន្តស្ងាត់ឈឹងបែបនេះ៕

កុលបុត្រ

RELATED ARTICLES