Tuesday, November 25, 2025
Homeព័ត៌មានជាតិអ្នកទៅលេងឆ្នេរអារីស្តុន ឧស្សាហ៍ឃើញមុខពួកគាត់ណាស់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួន

អ្នកទៅលេងឆ្នេរអារីស្តុន ឧស្សាហ៍ឃើញមុខពួកគាត់ណាស់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ ៖ បុរស២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន ក្រោយពួកគេតែងតែធ្វើសកម្មភាពដើរទារលុយពីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរអារីស្តុន ផ្ទុយពីអ្វីដែលជាការរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។

របាយការណ៍របស់សាលាខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា បុគ្គលទាំងពីរនាក់នេះត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ ២០២០ ដើម្បីយកមកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការធ្វើសកម្មភាព។

សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សទាំងពីរនាក់នេះតែងតែបន្លំខ្លួនជាប្រជាការពារ ហើយធ្វើសកម្មភាពដើរទារលុយពីប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ ពិសេសឆ្នេរអារីស្តុន យ៉ាងអនាធិបតេយ្យ ផ្ទុយពីអ្វីដែលជាការណែនាំ និងរៀបចំរបស់ថ្នាក់ដឹកនាំខេត្ត ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្ត។

គួរបញ្ជាក់ថា លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ តែងតែចេញនូវបទបញ្ជាជាប្រចាំឱ្យកម្លាំងសមត្ថកិច្ចត្រូវរៀបចំសណ្តាប់ធ្នាប់នៅតាមតំបន់ឆ្នេរ ហើយមិនអនុញ្ញាតឱ្យបុគ្គលណាដើរទារលុយពីប្រជាពលរដ្ឋនោះទេ ពោលប្រសិនបើមានសកម្មភាពនេះត្រូវបញ្ឈប់ និងចាប់ខ្លួនមនុស្សទាំងអស់នោះភ្លាម៕

RELATED ARTICLES