ខេត្តកំពង់ស្ពឺ ៖ ទីបំផុត ឈ្មួញគួកជេដីល្បីពេញស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្លាប់ប្រកាសខ្លួនថាជាឧកញ៉ា ឈ្មោះសូ សារឹម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ ពាក់ព័ន្ធករណីលក់ដីខ្យល់ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ថកំពង់ស្ពឺ បានឃាត់ខ្លួនលោកឧកញ៉ាត្បាញអាយ សូ សារឹម នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីអាវុធហត្ថឱ្យដឹងថា ជនត្រូវចោទឈ្មោះសូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅភូមិរំលេច ឃុំព្រះស្រែ និងភូមិស្តុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ប្រព្រឹត្តកាលពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមប្រភពពីសមត្ថកិច្ចអាវុធហត្ថដដែល បានឱ្យដឹងដែរថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះហម សាវុធ ចង់ទិញដីនៅខេត្តកំពង់ស្ពឺ និងបានទាក់ទងឈ្មោះគង់ សុខលីន ភេទស្រី អាយុ៣៧ឆ្នាំ (មានការបង្ហើបថា ជាមន្ត្រីក្រុមប្រឹក្សាស្រុកឧដុង្គ)។
នៅពេលនោះ ឈ្មោះគង់ សុខលីន បានណែនាំឱ្យឈ្មោះហម សាវុធ ស្គាល់ឈ្មោះសូ សារឹម ដើម្បីទិញដីចំនួន២ប្លង់ ដែលប្លង់ទី១ ទំហំ២ហិកតារ តម្លៃ៨,៥ដុល្លារ ក្នុង១ម៉ែត្រការ៉េ ស្ថិតនៅភូមិរំលេច ឃុំព្រះស្រែ និងប្លង់ទី២ ទំហំ៣ហិកតារ តម្លៃ១០,៥ក្នុងមួយម៉ែត្រការ៉េ ស្ថិតនៅភូមិស្តុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះបានប្រគល់ប្រាក់កក់ចំនួន៧០.០០០ដុល្លារ (ប្លង់ទី១ ចំនួនន ៤០.០០០ដុល្លារ និងប្លង់ទី២ ចំនួន៣០.០០០ដុល្លារ) ដោយមានឈ្មោះគង់ សុខលីន ផ្តិតមេដៃធ្វើជាសាក្សី។

ក្រោយមក ដោយសារសូ សារឹម គ្មានដីប្រគល់ឱ្យជនរងគ្រោះតាមកិច្ចសន្យា ទើបជនរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការតែម្តង។ ឈ្មោះសូ សារឹម ធ្លាប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែងនៅខាងមុខភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ស្មៀនឃុំព្រះស្រែ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់លោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចលក់ដីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ។
ប៉ុន្តែលោកឧកញ៉ា សូ សារឹម ត្រូវបានលោកពេជ្រ ចិន្តា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រភពឱ្យដឹងទៀតថា លុះនៅថ្ងៃទី១៦ ខែមិថុនា កម្លាំងសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនជាថ្មី ក្នុងករណីលក់ដីខ្យល់ ហើយក៏ត្រូវជនរងគ្រោះប្តឹង។ ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ចបំពេញបែបបទ បញ្ជូនឱ្យតុលាការចាត់ការតាមច្បាប់៕