Tuesday, November 25, 2025
Homeព័ត៌មានជាតិឡានក្រុង ខាយ ណាម អត់ភ្ញៀវដឹក សម្រុកដឹកទំនិញគេចពន្ធ?

ឡានក្រុង ខាយ ណាម អត់ភ្ញៀវដឹក សម្រុកដឹកទំនិញគេចពន្ធ?

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានភូមិចំរើនផល បានខ្សឹបឱ្យឮតាម “នគរធំ” ថា ក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយ កំពុងបង្កបញ្ហាឈឺក្បាលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរយ៉ាងខ្លាំង ខណៈដែលក្រុមហ៊ុនមួយនេះស្ងាត់អ្នកដំណើរជិះ បែរជាប្តូរទិសសម្រុកដឹកទំនិញទាំងយប់ទាំងថ្ងៃ មកស្តុកពេញក្នុងឃ្លាំង (មិនដឹងថាមានពន្ធ ឬអត់ពន្ធទេ) រួចបញ្ចឹញវិញតាមរ៉ឺម៉កម៉ូតូ ឬរថយន្តដឹកទំនិញតូចៗ និងថែមទាំងចតរថយន្តក្រុងធំៗពេញផ្លូវជាជួរដូចហែកឋិន ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋានយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា ក្រុមហ៊ុនរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដែលកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋានខាងលើនេះ មានយីហោ “ខាយ ណាម” ជាក្រុមហ៊ុនរបស់វៀតណាម ដែលមានរថយន្តក្រុងពណ៌ផ្ទៃមេឃ និងមានបេន (ចំណត) ស្ថិតនៅក្នុងដីឡូតិ៍តាមបណ្តោយផ្លូវលេខ១៥៧BT ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋភូមិចំរើនផល បានខ្សឹបប្រាប់ថា កន្លងមករថយន្តក្រុងខាយណាម តែងដឹកជញ្ជូនភ្ញៀវពីភ្នំពេញ ទៅប្រទេសវៀតណាម និងពីវៀតណាម មកភ្នំពេញវិញ ស្ទើរគ្មានពេលសម្រាក លុះយប់ឡើងចូលមកក្នុងចំណតរោទិ៍សំឡេងលាន់ឮទ្រហឹង ហើយព្រឹកព្រលឹមមាន់រងាវមិនទាន់ ចេញទៅវិញបាត់ហើយ ហើយក៏បានរំខានដំណេកប្រជាពលរដ្ឋជិតខាង តាមរយៈសំឡេងឡាននិងស៊ីផ្លេរបស់ខ្លួនផងដែរ។

លុះដល់អំឡុងពេលផ្ទុះខ្លាំងនៃជំងឺកូវីដ-១៩ មក ព្រំដែនវៀតណាម ត្រូវបានបិទ ហេតុនេះក្រុមហ៊ុនអត់មានភ្ញៀវដឹកក៏ចាប់ផ្តើមបញ្ចូលរថយន្តក្រុងទៅក្នុងចំណត តែដោយសារចំណតតូចរថយន្តច្រើន  ដាក់មិនអស់ ទើបក្រុមហ៊ុនមួយនេះបានយករថយន្តក្រុងខ្នាតយក្សរបស់ខ្លួនមកចតលើចិញ្ចើមផ្លូវតែម្តង ខណៈដែលផ្លូវបេតុងមានទំហំតូច គ្រាន់តែរថយន្តក្រុង១នេះចតអស់ពាក់កណ្តាលផ្លូវទៅហើយ ហេតុនេះបង្កឱ្យប្រជាពលរដ្ឋអ្នកដំណើរលំបាកធ្វើដំណើរទៅមកយ៉ាងខ្លាំង ជួនពេលខ្លះ ដោយសារតែជិះគេចរថយន្តក្រុងដែលចតចោលនេះ ធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរទៀតផង។

ប្រជាពលរដ្ឋបានខ្សឹបប្រាប់ទៀតថា បន្ទាប់ពីព្រំដែនវៀតណាម បិទមិនឱ្យអ្នកដំណើរឆ្លងកាត់ ក្រុមហ៊ុនមួយនេះក៏បង្វែរប្តូរទិសពីការដឹកអ្នកដំណើរ ទៅជាដឹកជញ្ជូនទំនិញវិញម្តង ដោយមិនដឹងថា ទំនិញទាំងនោះមានពន្ធត្រឹមត្រូវ ឬអត់ពន្ធនោះទេ ព្រោះរាល់ថ្ងៃគេសង្កេតឃើញថា ឡានក្រុងរបស់ក្រុមហ៊ុនរៀតណាមមួយនេះ តែងដឹកទំនិញចូលនៅពេលយប់ ដាក់ស្តុកពេញក្នុងឃ្លាំង លុះដល់ក្បាលព្រលប់ នៅពេលដែលស្ថានភាពចរាចរណ៍ចង្អៀត ដោយការធ្វើដំណើរចេញចូលច្រើន ក៏ចាប់ផ្តើមមានរ៉ឺម៉កម៉ូតូ និងរថយន្តតូចៗមកដឹកផ្ទេរទំនិញចេញពីឡានក្រុងទាំងនោះយ៉ាងគគ្រឹកគគ្រេង ចតត្រៀបត្រា រកតែផ្លូវជិះម៉ូតូសឹងមិនបានផង ពោលគឺខាងក្រុមហ៊ុនហាក់គ្មានខ្វល់ពីផលប៉ះពាល់ចំពោះអ្នកណាឡើយ សំខាន់ឱ្យតែខ្លួនរកស៊ីមានបាន គឺអូខេ។

ពលរដ្ឋបានបន្តខ្សឹបប្រាប់ថា ទំនិញដែលដឹកដោយក្រុមហ៊ុនវៀតណាម ខាយ ណាម នេះ ទំនងជាមានការបើកដៃ ឬសហការយ៉ាងរលូនពីគយច្រកទ្វារ និងគយចល័តក្នុងក្រុងភ្នំពេញ តែម្តង ព្រោះរាល់ទំនិញដែលដឹកចេញចូលនេះ មិនដែលឃើញមានមន្ត្រីជំនាញណាហ៊ានចូលមកត្រួតពិនិត្យអ្វីទាំងអស់ ហាក់បណ្តោយឱ្យមានការដឹកចេញចូលដោយសេរី។

ប៉ុន្តែយ៉ាងណា រឿងទំនិញបង់ពន្ធត្រឹមត្រូវ ឬអត់ពន្ធ គឺជារឿងជំនាញរបស់មន្ត្រីគយ ប៉ុន្តែអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិចំរើនផល គឺការយកផ្លូវធ្វើជាចំណតរថយន្ត ផ្ទាល់ខ្លួន ហើយបើទោះជារថយន្តក្រុងទាំងនោះចតជាប់នឹងរបងដីឡូតិ៍របស់ក្រុមហ៊ុន ក៏ពិតមែន តែវាប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ ព្រោះរថយន្តក្រុងចតម្តង២បន្តកន្ទុយគ្នា ហើយហៀរមកពេញ១កំណាត់ផ្លូវទៅហើយ។

ចំណែកផ្លូវម្ខាងទៀត សូម្បីម៉ូតូកង់បីក៏មិនអាចចៀសគ្នាបានផង កុំថាឡើយរថយន្តធុនតូច  ហេតុនេះគួរអស់លោកមន្ត្រីសង្កាត់ ខណ្ឌ មេត្តាចុះមកពិនិត្យ និងជួយដោះស្រាយនូវបញ្ហារំលោភចំណីផ្លូវពីសំណាក់ក្រុមហ៊ុនរថយន្តក្រុង ខាយ ណាម នេះផង ទាន…!៕

RELATED ARTICLES