ភ្នំពេញ ៖ យុវតីម្នាក់នៅសុខៗក៏ចេញបាត់ពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារព្យាយាមតាមស្វែងរកសព្វកន្លែងដែរ តែរកមិនឃើញសោះ លុះតាមរកក្មួយស្រីក្រមុំអស់រយៈពេល៤ថ្ងៃនៅតែមិនមានដំណឹង ទើបស្ត្រីជាម្តាយមីងប្រកាសតាមរកផង រត់ទៅប្តឹងសមត្ថកិច្ចផង ដើម្បីជួយស្វែងរកក្មួយស្រីត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៤ថ្ងៃ ដោយគ្មានដំណឹងនេះ មានឈ្មោះកេក អិលា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិត្រាវ ឃុំសុខសាន្ត ស្រុកកោះញែក។ យុវតីរូបនេះបានចេញបាត់ពីផ្ទះតាំងពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០មកម៉្លេះ គិតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅមិនទាន់ទទួលបានដំណឹងអ្វីបន្តិចនៅឡើយ។
តាមប្រភពពីស្ត្រីជាម្តាយមីងរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កន្លងមកក្មួយស្រីម្នាក់នេះមិនដែលចេញបាត់ពីផ្ទះឈឹង ដោយគ្មានដំណឹងបែបនេះឡើយ។ ស្រាប់តែមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្មួយស្រីរូបនេះក៏បានចេញពីផ្ទះបាត់ដំណឹងរហូតតែម្តង លុះក្មួយស្រីចេញពីផ្ទះយូរ ក្រុមគ្រួសារបាននាំគ្នាទូរស័ព្ទរកផង តាមស្វែងរកផង នៅតែមិនឃើញ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្រោយពីព្យាយាមតាមស្វែងរកក្មួយស្រីអស់ពីលទ្ធភាពទៅហើយ នៅតែមិនមានពន្លឺបន្តិចសោះ ទើបស្ត្រីជាម្តាយមីងបានកាន់រូបថតក្មួយស្រីមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយស្វែងរកដំណឹងក្មួយស្រីរបស់គាត់ផង ខ្លាចក្រែងនាងមានគ្រោះថ្នាក់ ឬត្រូវមនុស្សមិនល្អបោកបញ្ឆោត នាំយកទៅធ្វើបាបដោយប្រការណាមួយ។
ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់ ឬប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថតខាងលើនៅកន្លែងណា សូមជួយផ្តល់ដំណឹងដល់សមត្ថកិច្ច ឬផ្តល់ដំណឹងតាមរយៈទូរស័ព្ទលេខ ០៩៧ ៧៧ ៣៥ ៩៥៧ ដោយក្តីអនុគ្រោះ៕