ខេត្តកណ្តាល ៖ ស្ត្រីម្នាក់នៅសុខៗក៏កើតមានអាការងងឹតមុខ ទន់ជង្គង់ដួល ឃើញបែបនេះ បុរសជាប្តីបានស្ទុះទៅចាប់បីត្រកងប្រពន្ធ មិនឱ្យដួលបោកទៅដីឡើយ ហើយក៏បានលើកបីយកមកដាក់លើគ្រែដើម្បីជួយធ្វើចលនាសង្គ្រោះបឋម ស្រាប់តែអកុសល ស្ត្រីជាប្រពន្ធបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យបុរសជាប្តីទប់អារម្មណ៍មិនបានស្រក់ទឹកភ្នែកគួរឲ្យអាណិត។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិទន្លាប់ ឃុំទួលព្រេជ ស្រុកអង្គស្នួល។
ស្ត្រីរងគ្រោះខាងលើ មានឈ្មោះសាត រ៉ង អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះង៉ែត ភក្តី អាយុ៣៤ ឆ្នាំ មុខរបរកសិករ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ពីមុនមកប្រពន្ធរបស់គាត់ (ជនរងគ្រោះ) ធ្លាប់មានជំងឺដើរៗទន់ជង្គង់ដួល គិតមកដល់ពេលនេះ មានរយៈពេល៦ខែមកហើយ។

លុះមកដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ គាត់បានប្រទះឃើញប្រពន្ធរបស់គាត់ដើរចូលទៅក្នុងផ្ទះសុខៗ ក៏ស្រាប់តែទន់ជង្គង់ទៀត ទើបគាត់ជាប្តីបានស្ទុះទៅត្រកងបីប្រពន្ធមកដាក់លើគ្រែ ហើយធ្វើចលនាឱ្យអស់រយៈពេលប្រហែលជិត១ម៉ោង នៅតែមិនដឹងខ្លួនសោះ ពេលនោះគាត់ក៏បានដឹកប្រពន្ធទៅមណ្ឌលសុខភាព ហ៊ុន សែន ទួលព្រេជ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះដែរ តែអកុសល ពេលដឹកទៅដល់ក្រុមគ្រូពេទ្យពិនិត្យរួច បានប្រាប់ថា ប្រពន្ធរបស់គាត់បានស្លាប់ទៅហើយ ទើបគាត់បានដឹកសពប្រពន្ធត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់ សមត្ថកិច្ចចុះមកពិនិត្យសាកសព។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញផ្នែកពិនិត្យវិភាគស្រុកអង្គស្នួល បានចុះពិនិត្យដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលឃុំទួលពេជ្រ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងប្តី ព្រមទាំងបងប្អូនសាច់ញាតិជនរងគ្រោះផងដែរ។
បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕