ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះម្នាក់បានដឹកដៃកូនប្រុសមកប្តឹងសុំអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ទាំងទឹកភ្នែក ដោយអះអាងថា ប្តីកំហូចរបស់ខ្លួនបានវេចលុយជាង៦០០ដុល្លារ រត់ទៅសោយសុខជាមួយនឹងស្រីថ្មីបាត់ស្រមោល ទុកឱ្យនាងរស់នៅជាមួយកូនប្រុសទាំងពោះធំប៉ុនកញ្ជើ និងគ្មានលុយសម្រាប់បម្រុងទុកសម្រាលនោះឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ។
ស្ត្រីអភ័ព្វដែលត្រូវប្តីកំហូចវេចលុយរត់ចោលទាំងពោះប៉ុនកញ្ជើ មានឈ្មោះកាន់ ពៅមុន្នី អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃតុំ ឃុំព្រៃឃ្មុំ ស្រុកកំពត ខេត្តកំពត មានប្តីឈ្មោះអុល បញ្ញា អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រុមគ្រួសារខាងលើ មានកូន២នាក់ក្នុងបន្ទុក ប្រុសម្នាក់ និងកំពុងមានផ្ទៃពោះ៨ខែ។

តាមសម្តីស្ត្រីខាងលើ បានរៀបរាប់ប្រាប់ថា ដើមឡើយ នាងស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់អំឡុងខែមីនា ឆ្នាំ២០២០ ក៏វិលទៅរស់នៅឯស្រុកកំណើតនៅខេត្តកំពត វិញ រីឯលោកប្តីស្នាក់នៅទីក្រុងភ្នំពេញ តែម្នាក់ឯង និងប្រកបរបររត់ម៉ូតូកង់បី។

ឆ្លៀតឱកាសប្រពន្ធមិននៅជិតខ្លួន ប្តីរបស់គាត់បានលួចមានស្រី ហើយក៏ត្រូវប្រពន្ធដឹងរឿង ទើបនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ ប្តីគាត់បានទៅផ្ទះប្រើល្បិចលួងលោមសុំខ្ចីលុយ៦៥០ដុល្លារ ទៅលស់យកម៉ូតូកង់បីដែលរូបគេជួបបញ្ហា។

ពេលបានលុយ ក៏បានត្រទ្បប់មកភ្នំពេញវិញបាត់ បិទទាំងទូរស័ព្ទ លែងឱ្យទាក់ទងកើតដោយមានការសង្ស័យប្រពន្ធក៏តាមមករកដល់កន្លែង តែមិនឃើញប្តី ទើបដឹងថា ចាញ់ល្បិចប្តីឆបោកយកលុយ រត់ទៅតាមស្រីបាត់។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានដឹកដៃកូនប្រុសទាំងខ្លួនកំពុងមានផ្ទៃពោះ៨ខែ កាន់ទាំងរូបថតទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឱ្យជួយស្រាវជ្រាវក្នុងករណីប្រទះឃើញលោកប្តីខ្លួនដូចភិនភាគក្នុងរូបថត ជួយឃាត់ឱ្យផង ក្នុងបំណងនិយាយដោះស្រាយគ្នា។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តីបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕