Tuesday, November 25, 2025
Homeព័ត៌មានជាតិគាត់យកឱកាសមានមនុស្សច្រើន ធ្វើសកម្មភាព... ប៉ុន្តែជាប់ខ្នោះសមត្ថកិច្ច

គាត់យកឱកាសមានមនុស្សច្រើន ធ្វើសកម្មភាព… ប៉ុន្តែជាប់ខ្នោះសមត្ថកិច្ច

ខេត្តសៀមរាប ៖ ស្ត្រីដៃស្អិតម្នាក់ដែលតែងដើរធ្វើសកម្មភាពលូកហោប៉ៅ លួចលុយប្រជាពលរដ្ឋនៅតាមទីប្រជុំជន ពិសេសក្នុងបរិវេណផ្សារក្រោម ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខផ្សារចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីស្ត្រីរូបនេះបានធ្វើសកម្មភាពលូកហោប៉ៅស្ត្រីចំណាស់ម្នាក់ ដែលកំពុងដើរផ្សារទិញម្ហូប។

ករណីឃាត់ខ្លួនស្ត្រីដៃស្អិតខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបរិវេណផ្សារក្រោម ស្ថិតក្នុងភូមវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយស់ ស្រីម៉ៅ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះហួត យឿន ភេទស្រី អាយុ៦៦ឆ្នាំ មានលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឱ្យដឹងថា មានករណីអំពើលួចយកប្រាក់ ដែលបង្កឡើងដោយ ជនសង្ស័យឈ្មោះយស់ ស្រីម៉ៅ បានដើរទៅផ្សារក្រោមគោលបំណងទៅទិញម្ហូប។ ពេលដើរទៅដល់កន្លែងលក់ចានឆ្នាំង ស្រាប់តែឃើញមានស្ត្រី ចំណាស់ឈ្មោះហួត យឿន ដើរចេញពីកន្លែងលក់ចានឆ្នាំងបានបន្តិច ដោយសារកន្លែងនោះចង្អៀត និងមានមនុស្សច្រើនផង ទើបស្ត្រីសង្ស័យក៏បានដើរតាមពីក្រោយ ហើយយកដៃស្តាំលូកយកប្រាក់នៅហោប៉ៅខាងឆ្វេងរបស់ជនរងគ្រោះ ដោយយកបានលុយចំនួន៥០ដុល្លារ និងលុយខ្មែរចំនួន២៨៤០០០រៀល។

លោកអធិការបន្តថា នៅអំឡុងពេលធ្វើសកម្មភាពនោះ គាប់ជួនស្ត្រីរងគ្រោះដឹងខ្លួន ក៏ចាប់ដៃជនសង្ស័យជាប់ រួចស្រែកឆោឡោហៅសន្តិសុខផ្សារ មកជួយឃាត់ខ្លួនជនសង្ស័យ បន្ទាប់មកក៏នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

ក្រោយពីការសាកសួរ ជនសង្ស័យក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ នឹងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការចាត់ការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES