ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ អត់មានការងារធ្វើក៏នាំគ្នាទៅទិញថ្នាំញៀនមួយកញ្ចប់តូច មកសម្ងំជក់២នាក់ប្តីប្រពន្ធ នៅក្នុងរោងចាំចម្ការ ទីបំផុតត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនទាំង២នាក់នាំយកមកចាត់ការតាមច្បាប់។
ប្រតិបត្តិការបង្ក្រាបចាប់ខ្លួន ប្តីប្រពន្ធ២នាក់ដែលកំពុងសម្ងំជក់ថ្នាំញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរោងចាំចម្ការមួយកន្លែង ស្ថិតក្នុងភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអុក ភត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងផ្សាដែក។ និងទី២-ឈ្មោះគង់ មិនា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើ ស្នាក់នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។
តាមប្រភពព័ត៌មានពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ស្ថិតនៅចំណុចរោងចាំចម្ការមួយកន្លែងខាងលើ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ (ប្តីប្រពន្ធ) ព្រមទាំងដកហូតបានម្សៅក្រាម ពណ៍សថ្លា សង្ស័យជាសារធាតុ ញៀនខុសច្បាប់ ចំនួន១កញ្ចប់ និងទូរស័ព្ទដៃចំនួន១គ្រឿងផងដែរ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ រួមនឹងវត្ថុតាងទៅកាន់សាលា ដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕