មុនទទួលបានជោគជ័យលើអាជីវកម្មអនឡាញដូចសព្វថ្ងៃនេះ ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន Rouy Infinity Co,.ltd នោះ ធ្លាប់ជួបរឿងរ៉ាវ និងឧបសគ្គជាច្រើនដែលហែលឆ្លងក្នុងជីវិត។

ម៉ែរួយ បានឲ្យដឹងថា កាលពីជាង១០ឆ្នាំមុន ក្រោយពីឪពុកចែកឋានទៅ នាងនិងអ្នកម្ដាយបានទៅធ្វើការងារនៅប្រទេសថៃ ដើម្បីយកកម្រៃមកជួយផ្គត់ផ្គង់គ្រួសារ និងឲ្យប្អូនរៀនសូត្រ។ អំឡុងពេលធ្វើការនៅប្រទេសថៃ ៣ឆ្នាំ ឃើញថា ជីវិតគ្រួសាររបស់ម៉ែរួយ ចាប់ផ្ដើមប្រសើរឡើងគួរឲ្យកត់សម្គាល់ រហូតសន្សំប្រាក់បានទុកមករកស៊ីនៅស្រុកខ្មែរ ក្នុងពេលដ៏ខ្លីខាងមុខទៀតផង។ ប៉ុន្តែក្ដីសង្ឃឹមត្រូវបានរលាយដូចអំបិលត្រូវទឹក ក្រោយភ្លើងឆាបឆេះផ្ទះខ្ទេចខ្ទីគ្មានសល់ បើសរុបជាទឹកប្រាក់ទ្រព្យសម្បត្តិដែលខូចខាតដោយសារភ្លើងឆេះផ្ទះអស់ជាង១ម៉ឺនដុល្លារអាមេរិក។

ដោយអំឡុងពេលនោះ ម៉ែរួយ កំពុងតែធ្វើការនៅប្រទេសថៃ គ្រាន់តែទទួលបានដំណឹងថា ភ្លើងឆេះផ្ទះអស់ខ្ទេចខ្ទីគ្មានសល់បានធ្វើឲ្យអគ្គនាយិកា ម៉ែរួយ អស់កម្លាំងទាន់ដៃជើងធ្វើអ្វីមិនកើត ព្រោះទ្រព្យសម្បត្តិខំរកច្រើនឆ្នាំបែរជាត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។

ជាមួយអារម្មណ៍ក្ដុកក្ដួល ម៉ែរួយ រៀបរាប់ទាំងទឹកភ្នែកយំឱបអ្នកម្ដាយជាទីស្រឡាញ់ថា “ក្រោយភ្លើងឆេះផ្ទះហើយខ្ញុំមិនបានត្រឡប់មកស្រុកខ្មែរ តាមការគ្រោងទុកនោះទេ ពេលហ្នឹងមានតែនៅប្រទេសថៃ ធ្វើការរកលុយជាមួយបងប្អូនបន្ថែមទៀត ដើម្បីយកមកធ្វើផ្ទះ។ ដោយកាលនោះ ម៉ាក់ទៅនៅផ្ទះបងប្អូន ព្រោះផ្ទះយើងឆេះអស់អត់មានកន្លែងនៅទេ។ ខ្ញុំបានខ្ចីលុយថៅកែផ្ញើមកឲ្យម៉ែ ដើម្បីធ្វើផ្ទះ”។

ម៉ែរួយ បន្ថែមទៀតថា ដូច្នេះវាមិនងាយស្រួលនោះទេ ទម្រាំតែជីវិតខ្លួនបានជោគជ័យដូចសព្វថ្ងៃនេះ គឺជួបរឿងរ៉ាវកម្សត់ជូរចត់ជាច្រើនដែលនឹកស្មានមិនដល់ ព្រោះជីវិតគ្រួសារក្រោយភ្លើងឆេះផ្ទះរួច គឺធ្លាក់ដល់សូន្យហៅលែងឮតែម្ដង។

ជាចុងក្រោយ ម៉ែរួយ សូមផ្ដាំផ្ញើដល់ពូកម៉ែបងប្អូន ប្រសិនបើមានរឿងអ្វីមួយដូចនាង កុំបាក់ទឹកចិត្តត្រូវតែបន្តពុះពាររាល់ឧបសគ្គ ហើយគិតថា ខ្លួនយើងអាចធ្វើវាបាន ហើយដាក់គោលដៅឲ្យបានច្បាស់លាស់នោះ ជីវិតយើងនឹងជោគជ័យហើយ៕

