ខេត្តសៀមរាប ៖ ផ្ទុះការរិះគន់អាជ្ញាធរអប្សរា ថាមិនចេះថែរក្សាទឹកកសិណប្រាសាទ បណ្តោយឱ្យរីងហួតបណ្តាលឱ្យរីងងាប់ត្រីធំៗអស់ បន្ទាប់ពីត្រីប្រាជាច្រើនក្បាលនៅក្នុងកសិណប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានងាប់ ខណៈដែលជាច្រើនក្បាលទៀតប្រឈមនឹងងាប់។

លោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ថា “បើថែរក្សាប្រាសាទ អាចត្រូវការជំនួយបច្ចេកទេស និងថវិកាបរទេសខ្លះ ចុះគ្រាន់តែថែរក្សាទឹកជុំវិញប្រាសាទ ត្រូវការអ្វីដែរ?”។

តារាចម្រៀងម៉ៃ សុគន្ធ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ថា “ស្នើនិងទទូចដល់អាជ្ញាធរជាតិអប្សរា សូមពិនិត្យមើលផង កុំពូកែតែខាងរុះរើផ្ទះអ្នកស្រុកខ្លាំងពេក ត្រីដែលរស់ក្នុងកសិណប្រាសាទបាគងធំៗណាស់ មួយប្រហែលជាង២០គីឡូ ឥឡូវនៅតែមិនមានទឹកគ្រប់គ្រាន់សម្រាប់ឱ្យវារស់នៅបាននៅឡើយទេ”។

ទោះយ៉ាងណា ពាក់ព័ន្ធករណីនេះ “នគរធំ” មិនអាចសុំការបញ្ជាក់ឆ្លើយតបពីលោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។

គួរបញ្ជាក់ថា ត្រីប្រាធំៗដែលពលរដ្ឋយកទៅលែងនៅក្នុងទឹកសិណវត្តប្រាសាទបាគង ក្នុងឃុំបាគង ស្រុកប្រាសាទបាគង បានងាប់ជាបណ្តើរៗអស់១៤ក្បាល ក្នុងរយៈពេលពីរថ្ងៃ ដោយសារតែទឹកក្នុងសិណរីងស្ងួតអស់។ នេះគឺជាការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានស្រុកប្រាសាទបាគង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ចំពោះរឿងត្រីប្រាងាប់អស់ចំនួន១៤ក្បាល រយៈពេលពីរថ្ងៃនេះ គឺលោកបានដឹងហើយ ប៉ុន្តែលោកគ្មានសិទ្ធិធ្វើអ្វីបានទាំងអស់ បានត្រឹមតែជួយចុះមើល និងជ្រោមជ្រែងពីខាងក្រោយតែប៉ុណ្ណោះ ដោយសារក្នុងបរិវេណប្រាសាទនេះ ក៏ដូចក្នុងទូទាំងស្រុកប្រាសាទបាគង ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។

លោកសូរ ប្លាតុង បានបញ្ជាក់ទៀតថា លោកបានសុំយោបល់ទៅខាងអាជ្ញាធរអប្សរា ដើម្បីរៀបចំស្តារកសិណនេះឡើងវិញដើម្បីរក្សាឱ្យមានទឹកនៅគង់វង្សដូចកាលពីដើម។ ចំពោះត្រីប្រា ដែលងាប់ទាំង១៤ក្បាល ក្នុងរយៈពេលពីរថ្ងៃនោះ គឺខាងគណៈកម្មការអាចារ្យវត្តបានយកទៅកប់ទាំងអស់ ហើយពីរក្បាល ដែលវានៅលើគោកនោះត្រូវបានយកទៅទុកនៅវត្តរកា ក្នុងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង។

រីឯត្រីដែលនៅសល់ គឺព្រះចៅអធិការវត្ត បានយកទៅផ្ញើនៅវត្តរកា ទាំងអស់ រង់ចាំខាងអាជ្ញាធរអប្សរា ចុះមកស្តារកសិណនោះឡើងវិញ ទើបយកត្រីនេះមកលែងវិញ៕
កុលបុត្រ