ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានបុរសម្នាក់លួងលោមសុំស្នេហ៍បាន៥ថ្ងៃ ស្រាប់តែបែកគំនិតយកម៉ូតូខាងស្រីទៅបញ្ចាំ លុះស្ត្រីជាម្ចាស់ម៉ូតូឱ្យលុយទៅលោះម៉ូតូម្តងជា២ដង បែរជាមិនព្រមលោះ និងថែមទាំងស៊ីដាច់លុយអស់ទៀត ទើបធ្វើឱ្យកើតមានជម្លោះប្រតាយប្រតប់គ្នា លុះឃើញម្ចាស់ផ្ទះជួលចូលមកសួរនាំ ស្រាប់តែភាគីខាងប្រុសបានទាញកាំបិតដេញកាប់ធ្វើឱ្យផ្អើលដល់អ្នកជិតខាងផ្ទុះកំហឹង ព្រួតវាយម្នាក់១ដៃ១ជើង បែកមាត់ រួចក៏ប្តឹងសមត្ថកិច្ចឱ្យចាប់អូសកយកទៅចាត់ការតាមច្បាប់។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យដែលល្បួងស្នេហ៍ស្រីបានត្រឹម៥ថ្ងៃ បែរជាបែកគំនិតស៊ីដាច់ម៉ូតូស្រីស្នេហ៍រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះប៉ាង សុភ័ណ្ឌ អាយុ៤០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះសុខ ណាត អាយុ ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលកន្លែង កើតហេតុខាងលើ មានស្រុកកំណើតភូមិជ្រៃធំ ឃុំអ្នកលឿង ស្រុកពាមជរ ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលជនសង្ស័យជាប្រុសស្នេហ៍យកទៅដាក់បញ្ចាំ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1AY-6193។

តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា រូបគាត់ទើបនឹងបានស្គាល់ជនសង្ស័យខាងលើនេះរយៈពេល៥ថ្ងៃប៉ុណ្ណោះ រាប់ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០មក ដោយបុរសខាងលើ បានមកទាក់ទងរូបគាត់ និងលួងលោមស្រលាញ់គាត់ ហើយគាត់ក៏មិនបានថាអ្វីនោះដែរ។ បន្ទាប់មកបុរសខាងលើក៏បានជួយបើកម៉ូតូសណ្តោងរ៉ឺម៉កដឹកអីវ៉ាន់របស់គាត់យកទៅលក់នៅផ្សារមួយកន្លែងជារៀងរាល់ថ្ងៃ។
ប្រភពដដែលបានបន្តថា លុះមកដល់ថ្ងៃកើតហេតុ បុរសជាជនសង្ស័យខាងលើបានយកម៉ូតូគាត់ម៉ាកហុងដាឌ្រីម ដែលទុកគ្រាន់បើកសណ្តោងរ៉ឺម៉កដឹកអីវ៉ាន់លក់ចេញទៅបាត់ មិនដឹងថាយកទៅណានោះទេ។

លុះក្រោយមកក៏មកផ្ទះវិញតែខ្លួនទទេ មិនឃើញម៉ូតូ ទើបគាត់សួរនាំក៏ត្រូវបុរសរូបនោះប្រាប់ថា ម៉ូតូយកទៅបញ្ចាំហើយ ឮបែបនេះគាត់ក៏មិនបានសួរនាំអ្វីវែងឆ្ងាយដែរ ក៏ឱ្យលុយទៅលោះម៉ូតូមកវិញ លុះដល់វេលាម៉ោង៣រសៀល បុរសខាងលើបានយកម៉ូតូទៅបញ្ចាំម្តងទៀត ហើយរូបគាត់ក៏បានឱ្យលុយយកទៅលួសយកម៉ូតូមកវិញដដែល តែមិនឃើញបុរសជាជនសង្ស័យយកម៉ូតូវិញ ទើបគាត់បានសួរដេញដោល ធ្វើឱ្យកើតមានជម្លោះប្រតាយប្រតប់គ្នា និងភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួលចូលទៅសួរនាំ ស្រាប់តែត្រូវបុរសរូបនោះទាញកាំបិតប៉័ងតោបម្រុងកាប់ទៅលើម្ចាស់ផ្ទះជួលទៀត។

ជាហេតុធ្វើឱ្យផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង ចុះមកជួយអន្តរាគមន៍ និងបញ្ចេញកំហឹងវាយជនសង្ស័យខាងលើ ម្នាក់មួយដៃមួយជើង បណ្តាលឱ្យបុរសសង្ស័យរងរបួសបែកមុខមាត់ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកដល់ភ្លាមៗ ។
បច្ចុប្បន្នជនសង្ស័យខាងលើនិងជនរងគ្រោះ សមត្ថកិច្ចនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីសួរនាំ និងធ្វើកំណត់ហេតុបញ្ជូនបន្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕