Tuesday, November 25, 2025
Homeព័ត៌មានជាតិអ្នកកង់៣ និងអ្នករត់ម៉ូតូឌុប ធ្វើសកម្មភាពបែបនេះ ពេលម្ចាស់រថយន្តដេកក្នុងឡាន

អ្នកកង់៣ និងអ្នករត់ម៉ូតូឌុប ធ្វើសកម្មភាពបែបនេះ ពេលម្ចាស់រថយន្តដេកក្នុងឡាន

ភ្នំពេញ ៖ បុរស២នាក់ដែលជាមុខសញ្ញាសង្ស័យក្នុងអំពើប៉ុនប៉ងលួច និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍មនោរម្យ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងលួចទូរស័ព្ទពីក្នុងរថយន្តបុរសម្នាក់ដែលផឹកស្រវឹងចតរថយន្តដេកតាមផ្លូវ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខផ្សារបាយ័ន តាមផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១. ឈ្មោះឆូយ សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះរ័ត្ន ចំណាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរត់ម៉ូតូកង់បី មានលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះតន់ សុខា ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅផ្ទះជួល ផ្លូវលំសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានសភាពស្រវឹងស្រា ដោយខ្លាចមានគ្រោះថ្នាក់ក៏អែបរថយន្តឈប់នៅចិញ្ចើមផ្លូវ ដើម្បីសម្រាកក្នុងរថយន្ត។ ពេលនោះក៏លេចមុខជនសង្ស័យទាំ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ មកក្រវែលរថយន្តជនរងគ្រោះប៉ុនប៉ងលួចយកទូរស័ឰទុកក្នុងរថយន្ត តែលួចមិនបាន។

ជនសង្ស័យជាអ្នករត់កង់៣ និងអ្នករត់ម៉ូតូឌុប ជាមួយវត្ថុតាង

ខណៈនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលមនោរម្យ ទៅដល់ ធ្វើឱ្យជនសង្ស័យបើកម៉ូតូគេចខ្លួនរហូតដល់មហាវិថីព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជនសង្ស័យបានដួលម៉ូតូ ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានតែម្តង និងនាំមកនគរបាលប៉ុស្តិ៍មនោរម្យ ។

ក្នុងការឃាត់ខ្លួន កម្លាំងបានដកហូតបង់អាវុធខ្លីចំនួន១មានគ្រាប់៨គ្រាប់ លុយ៩០ម៉ឺនរៀល រ៉ឺម៉កកង់បី១គ្រឿង ម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES