Tuesday, November 25, 2025
Homeព័ត៌មានជាតិកូនស្រីអតីតតារាចម្រៀង ហួត សារ៉ាវឌី លះបង់​អាជីពសិល្បៈចោល មកចាប់ជំនួញកែសម្រស់

កូនស្រីអតីតតារាចម្រៀង ហួត សារ៉ាវឌី លះបង់​អាជីពសិល្បៈចោល មកចាប់ជំនួញកែសម្រស់

ភ្នំពេញ ៖ កូនស្រីអតីតតារាចម្រៀងពីជំនាន់ដើម អ្នកស្រីហួត សារ៉ាវឌី គឺអ្នកនាងជុង សារ៉ាច័ន្ទ ហាក់ត្រូវបានគេមើលឃើញថា ការងារសិល្បៈជាតារាបង្ហាញម៉ូដ និងសម្ដែង ពុំសូវកាក់កបទទួលបានជោគជ័យ ស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ម្ដាយនាងឡើយ ខណៈចាប់តាំងពីម្ដាយនិងឪពុកលាចាកលោកទៅ តារារូបនេះពុំសូវខ្វាយខ្វល់នឹងភាពល្បីល្បាញរបស់ខ្លួននោះទេ។

យ៉ាងណាមិញ កេរ្តិ៍ឈ្មោះរបស់តារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ បែរជាមកល្បីសុសសាយក្នុងជំនួញរកស៊ីលើជំនាញកែសម្រស់ និងបើកលក់ផលិតផល រហូតដល់បង្កើតម៉ាកផលិតផលខ្លួនឯង បន្ទាប់ពីអាជីពសិល្បៈលែងសូវអើពើ។

តារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model រូបនេះ បានថ្លែងទទួលស្គាល់ថា ការងារសិល្បៈរបស់នាងនៅរយៈកាលប៉ុន្មានឆ្នាំមកនេះ គឺមិនរីកចម្រើនមែន ព្រោះតែនាងមិនសូវខ្វាយខ្វល់ និងយកចិត្តទុកដាក់រក្សាភាពល្បូល្បាញរបស់ខ្លួន។ មូលហេតុទាំងអស់នេះ គឺដោយសារតែនាងបានសម្រេចចិត្តដើរចេញពីគន្លងចាស់របស់ម្ដាយខ្លួន និងងាកមកចាប់អាជីពជាអ្នកកែសម្រស់ និងសម្រេចចិត្តចេញទៅសិក្សាជំនាញនេះនៅប្រទេសវៀតណាម អស់រយៈពេលជាច្រើនឆ្នាំ។

អ្នកនាងជុង សារ៉ាច័ន្ទ បានថ្លែងថា ជាការពិត ​ក្នុងនាមរូបនាងជាកូនច្បងនៅក្នុងគ្រួសារ ​ត្រូវទទួលរ៉ាប់រងទាំងអស់ទៅលើកម្រិតជីវភាពគ្រួសារ បន្ទាប់ពីម្ដាយរបស់ខ្លួន​បានលាចាកលោកនេះទៅ។ ការងារក្នុងវិស័យសិល្បៈបង្ហាញម៉ូដ ក៏មិនសូវទទួលបានចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ ទើបនាងសម្រេចចិត្តចាប់យកការរកស៊ី ជាមួយនឹងការលក់ផលិតផលកែសម្រស់ និងទៅរៀនជំនាញកែសម្រស់នៅប្រទេសវៀតណាម។

អ្នកនាងជុង សារ៉ាច័ន្ទ និយាយថា ចាប់ពីចាប់អាជីពនេះ​ពីអ្នករៀនម្នាក់​ តែរកចំណូលបានបន្តិចបន្តួច រហូតរៀនចប់សន្សំលុយបើកហាងដោយខ្លួនឯង​។ ខ្ញុំមិនហ៊ានជួលបុគ្គលិក​ទេ​ ឈរចាក់តែម្នាក់ឯង​ រៀបផង​ ចាក់​ផង​ សំអាតផង​ គិតលុយផង​ ទទួលភ្ញៀវផង​ លើកទូរសព្ទ័ផង​។ ទំរាំមកដល់ថ្ងៃនេះ​ ខ្ញុំប្តូរកន្លែងពីមួយទៅមួយ​ ដោយសារគេរុកគួន​ជាមួយគ្នាឯងប៉ុន្មាននាក់ហ្នឹង…!។ ពីម្នាក់ឯងរហូត​មានបុគ្គលិក​ មានសិស្ស​ជាច្រើនចូលមកជារៀងរាល់ថ្ងៃ។ ពីហាងដែលខ្វះនេះខ្វះនោះ​ រហូតអាចរីកចំរើនបានដល់ថ្ងៃនេះ..!។

អ្នកនាងសារ៉ាច័ន្ទ ប្រាប់ថា “ខ្ញុំពិតជាសប្បាយចិត្តនឹង​សមិទ្ធផល​នេះណាស់​ ព្រោះវាមិនមែនជារឿង​ចៃដន្យ​ តែវាជាការតាំងចិត្ត​ និង​​មានទទួលខុសត្រូវចំពោះភ្ញៀវជាច្រើនកន្លងមក។ អរគុណមនុស្សដែលនៅក្បែរខ្លួនខ្ញុំដែលតែងតែនៅក្បែរផ្តល់គំនិត​ កម្រៃ ពេលវេលា​ ភាពកក់ក្តៅ​ លើកទឹកចិត្ត​រហូតមក..!”។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតតារាបង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ កំពុងក្ដាប់ជំនួញក្នុងដៃ ដោយបានបើកហាង​ខ្លួនឯង ​ដែលទទួលស្គាល់ត្រឹមត្រូវ តាមប្រកាសរបស់ក្រសួងសុខាភិបាល ចំនួន៣កន្លែងមានឈ្មោះថា “N.22 Beauty Klinik”។ ទីតាំងទី១ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១, សាខាទី២ នៅសង្កាត់ស្ទឹងមានជ័យ និងសាខាទី៣ ស្ថិតនៅខេត្តសៀមរាប។

អ្នកនាងជុង សារ៉ាច័ន្ទ បានប្រកាសស្វែងរកអតិថិជន និងតំណាងចែកចាយតាមបណ្ដាខេត្តនានា ដើម្បីទទួលបាននូវការទិញ “ហ្វ្រេនឆាយ” យកទៅលក់បន្ត ដោយទទួលបានការបង្ហាត់ជំនាញត្រឹមត្រូវពីសំណាក់រូបនាងផ្ទាល់ មុននឹងបើកសាខាតាមខេត្តខេត្ត ឲ្យទទួលបានជោគជ័យដូចនាង៕

RELATED ARTICLES