Saturday, January 3, 2026
Homeព័ត៌មានជាតិល្បីក្មេងប្រុសម្នាក់នៅស្រុកស្រអែម នាយវីតាមីនសេទី២ ចាប់ជាតិ

ល្បីក្មេងប្រុសម្នាក់នៅស្រុកស្រអែម នាយវីតាមីនសេទី២ ចាប់ជាតិ

នាយវីតាមីនសេ កាលនៅរស់ ត្រូវបានគេស្គាល់ថា ជាតារាកំប្លែងក្រមិចក្រមើម លោកធ្លាប់ចេញសម្តែងភាពយន្តឬតាមឆាកតន្ត្រីនានា រហូតដល់មានភាពល្បីល្បាញ។ ទោះបីជានាយវីតាមីនសេ ទទួលមរណភាពជាង១ឆ្នាំទៅហើយក្តី ក៏ “ទូកទៅកំពង់នៅ” ល្បីមានក្មេងប្រុសម្នាក់នៅឃុំស្រអែម ខេត្តព្រះវិហារ មានចរិតកំប្លែងដូចគ្នា ទើបអ្នកស្រុកដាក់ឈ្មោះកុមារនោះថា វីតាមីនសេទី២…។

ទស្សនិកជននៅចាំបានថា កាលពីជាង១០ឆ្នាំមុន តារាកំប្លែងនាយវីតាមីនសេ ដែលបានសម្តែង ឆាកកំប្លែងខ្លីៗជាមួយនាយវាំងដឺ ពាក់ព័ន្ធនឹងរឿងលក់ចេក១ស្និត តម្លៃ១០០០រៀលនោះ បានហៅនាយវីតាមីនសេ ថា “អាជាំ” ដោយសារមានស្នាមជាំត្រង់កពណ៌ក្រហម។ ឥឡូវមានកុមារម្នាក់នៅស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក៏មានស្នាមជាំក្រហមត្រង់កដែរ ជាពិសេស គេមានចរិតកំប្លុកកំប្លែងកាត់ទៅនាយវីតាមីនសេ បេះបិទ រហូតដល់អ្នកស្រុកនិយាយលេងសើចថា វីតាមីនសេ មកចាប់ជាតិជាក្មេងប្រុសនេះតាំងពីលោកមិនទាន់ស្លាប់ម៉្លេះ។

កុមារាសេក បញ្ញា អ្នកស្រុកល្បីថា នាយវីតាមីនសេ ចាប់ជាតិ

អ្នកស្រីប៊ុន លក្ខណ៍ អាយុ៤៦ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ថា គាត់មានកូនប្រុសទី៣ ឈ្មោះសេក បញ្ញា អាយុ៧ឆ្នាំ។ តាំងពីធំដឹងក្តីមក កូននេះមាននិស្ស័យកំប្លុកកំប្លែងយកស្ទីលតាមនាយវីតាមីនសេ ជាពិសេស កូននេះមានស្នាមជាំក្រហមនៅកថែមទៀត។

គេចូលចិត្តស្លៀកពាក់បែបតារាកំប្លែង ឬត្លុក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មុនចូលឆ្នាំថ្មី អ្នកស្រីបាននាំកូនបញ្ញា ទៅផ្សារស្រអែម រកទិញចេកមករៀបតង្វាយទេវតារក្សាឆ្នាំថ្មី តែគ្មានចេកល្អទេ ដោយអ្នកលក់ហុចតែចេកជាំៗឱ្យគាត់ ហើយនិយាយថា ចេក១ស្និត តម្លៃ២៥០០រៀល។ លុះកូនប្រុសបញ្ញា ឮតែ២៥០០រៀល ក៏យកចេកបោះចោល រួចឈរសម្លក់អ្នកលក់ ប៉ុន្តែអ្នកលក់ចេកអត់ខឹងទេ ព្រោះធ្លាប់ស្គាល់ចរិតកូនគាត់ បើបញ្ចេញឥរិយាបថជារបៀបកំប្លែងឱ្យគេសើច ស្រដៀងពូវីតាមីនសេ។

អ្នកស្រីប៊ុន លក្ខណ៍ បន្តថា តាមពិតកូនប្រុសគាត់កើតនៅឆ្នាំ២០១៣ ឯលោកវីតាមីនសេ ទើបតែស្លាប់កាលពីឆ្នាំ២០១៩នេះសោះ ហេតុអ្វីក៏មាននិស្ស័យដូចគ្នាម៉្លេះ រហូតដល់អ្នកស្រុកថា វីតាមីនសេចាប់ជាតិ? គាត់មិនយល់ស្របទេ ព្រោះបើចាប់ជាតិ លុះត្រាតែកូនគាត់កើតក្រោយវីតាមីនសេស្លាប់ ប៉ុន្តែគេល្មមរៀនទៅហើយ ទើបតារាកំប្លែងល្បីល្បាញនោះចែកឋាន។ គ្រួសារគាត់ក៏មិនដែលស្គាល់ ឬមានទំនាក់ទំនងអ្វីជាមួយតារាកំប្លែងវីតាមីនសេនោះដែរ ចុះហេតុអ្វីបានជាកូនគាត់មានចរិតនិស្ស័យដូចនាយវីតាមីនសេ? សូម្បីតែស្នាមជាំក្រហមត្រង់កក៏ដូចគ្នាដែរ។

លោកសេក ហៃ អាយុ៥០ឆ្នាំ ជាឪពុកបង្កើតរបស់កុមារសេក បញ្ញា ក៏បានឱ្យដឹងដែរថា តាំងពីរៀបការជាមួយភរិយាប៊ុន ស្រីលក្ខណ៍ ចាប់មុខរបរជាកសិករ លោកនិងភរិយាមិនដែលបានស្គាល់ ឬទាក់ទងអ្វីជាមួយនាយវីតាមីនសេ ដល់ម្តងណាឡើយ គ្រាន់តែធ្លាប់មើលការសម្តែងតាមទូរទស្សន៍ ខ្លះៗតែប៉ុណ្ណោះ។ លុះបង្កើតបានកូនប្រុសទី៣ ស្រាប់តែមានចរិតកំប្លុកកំប្លែង តាំងពីនិយាយមិនទាន់ច្បាស់ម៉្លេះ និងមានស្នាមដៅពណ៌ក្រហមទៀតផង។

កូនប្រុសនេះក៏ចូលចិត្តមើលទូរទស្សន៍ណាស់ដែរ អាចថា គេដុះចរិតកំប្លែងតាមវីតាមីនសេ ក៏មិនដឹង ជាពិសេសឆាកកំប្លែងរឿងទិញចេកដែលនាយវីតាមីនសេ សម្តែងជាមួយនាយវ៉ាំងដឺ និងហៅវីតាមីនសេ ថា អាជាំ លុះកូនបញ្ញា ទៅទិញចេកជាមួយម្តាយឯផ្សារស្រអែម ស្រាប់តែចេញឆាកកំប្លែងទិញចេកមកទាំងដុលតែម្តង។

អ្នកស្រីប៊ុន លក្ខណ៍

លោកតាសោម យិន អាយុ៧៨ឆ្នាំ ជាអាចារ្យវត្ត និងទស្សន៍ទាយមើលរាសី បានឱ្យដឹងថា  មានព្រលឹងវិញ្ញាណអ្នកស្លាប់ខ្លះ មុនពេលចែកឋានបានដើររកកន្លែងចាប់ជាតិទុកជាស្រេច ដោយមិនដឹងខ្លួន។ ឧទាហរណ៍ នាយវីតាមីនសេ ធ្លាប់ទៅលេងប្រាសាទព្រះវិហារ និងបានទៅដល់ភូមិស្រអែម ក៏ជាប់ចិត្តនឹងទិដ្ឋភាពភូមិស្រអែម តាំងពី១០ឆ្នាំមុន ក៏ផ្ញើព្រលឹងវិញ្ញាណនឹងស្ត្រីអ្នកភូមិនេះ រួចទៅហើយ មុននឹងស្លាប់ជាក្រោយ។

លោកសេក ហៃ

រីឯអ្នកភូមិមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ករណីក្មេងប្រុសសេក បញ្ញា ឬនាយវីតាមីនសេទី២នេះ អាចថា គេដុះនិស្ស័យកំប្លែងតាំងពីជាតិមុនមក ក៏យកមកតាមខ្លួននៅជាតិថ្មីនេះ។ លុះបានឃើញការសម្តែងរបស់វីតាមីនសេ ក៏ចាប់អារម្មណ៍លួចរៀនតាម ជាពិសេស ត្រង់ឆាកទិញចេក មានឈ្មោះអាជាំ នោះ គួបផ្សំរូបគេមានស្នាមជាំដែរ ក៏ចូលតួតែម្តង៕ ឈួន ឈឿន

RELATED ARTICLES