ខេត្តកំពង់ឆ្នាំង ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងរការខូចខាតអស់ទាំងស្រុង ជាហេតុធ្វើឱ្យម្ចាស់ផ្ទះ២នាក់យាយនិងចៅស្រីឱបគ្នាទួញយំសោកយ៉ាងខ្លាំង ព្រោះតែស្តាយស្រណោះទ្រព្យសម្បត្តិដែលបានក្លាយជាចំណីភ្លើងគ្មានសល់។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវទី៣ ភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៥ម៉ែត្រ សង់ពីឈើដំបូលប្រក់ស្លឹក ជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះខឹម យ៉ុង អាយុ៧៦ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាមនុស្សចាស់ជរាគ្មានទីពឹង សព្វថ្ងៃរស់នៅជាមួយចៅតូចៗចំនួន២នាក់។

តាមសម្តីលោកយាយជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា ផ្ទះរបស់គាត់ដែលត្រូវភ្លើងឆេះនេះមានទំហំ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ដំបូលប្រក់ស្លឹក ត្រូវបានភ្លើងឆេះអត់ទៅហើយ។ ចំពោះការខូចខាតទ្រព្យសម្បត្តិវិញ គឺឆេះអស់ផ្ទះ១ខ្នងទាំងស្រុង កង់ចំនួន២គ្រឿង មាស២ជី និងថវិកា១លានរៀលផងដែរ។
មន្ត្រីនគរបាលផ្នែកអគ្គិភ័យនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងការអន្តរាគមន៍ករណីអគ្គិភ័យខាងលើនេះ មន្ត្រីនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យបាញ់ទឹកអស់ចំនួន៦ឡាន ទើបភ្លើងរលត់អស់ទាំងស្រុង និងទប់ស្កាត់បាន ដោយមិនបណ្តាលឱ្យរាលដាលឆាបឆេះដល់ផ្ទះអ្នកជិតខាងនោះឡើយ។

ដោយឡែក ករណីគ្រោះអគ្គីភ័យនេះត្រូវបានគេសង្ស័យថា អាចបណ្តាលមកពីការទុស្សេចន្តអគ្គសនី គួបផ្សំនិងផ្ទះស្លឹកផងនោះ គឺភ្លើងឆេះតែមួយសន្ទុះតែប៉ុណ្ណោះអស់រលីងគ្មានសល់៕
