ភ្នំពេញ ៖ ជនសង្ស័យម្នាក់ខ្ចីម៉ូតូមិត្តភក្តិជិះលួចដោះគ្រឿងម៉ូតូលក់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនត្រង់ចំណុចរោងទឹកត្នោតជូរ តាមផ្លូវបេតុង ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះញ៉ឹប គោ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងដែក ជនជាតិខ្មែរ រស់នៅភូមិសំបូរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យឈ្មោះ យឹម សារីម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ ១ឈ-៨៤១៣ មានលេខតួ និងលេខម៉ាស៊ីន ៥៧១៥៥៨៧។

ប្រភពសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ជនរងគ្រោះឈ្មោះញ៉ឹប គោ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ ១Q-៨៤១៣ មានលេខតួនិងលេខម៉ាស៊ីន៥៧១៥៥៨៧ ចេញពីផ្ទះ ស្ថិតនៅភូមិសំបូរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកជួបជនសង្ស័យឈ្មោះយឹម សារីម ភេទប្រុស អាយុ៣៨ឆ្នាំ និយាយពិភាក្សារឿងការងារជាមួយគ្នានៅរោងទឹកត្នោតជូរ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
សមត្ថកិច្ចបន្តថា ពេលមកដល់ជនរងគ្រោះ និងជនសង្ស័យ បានអង្គុយផឹកទឹកត្នោតជូរនិយាយគ្នា រហូតដល់វេលាម៉ោងប្រហែល២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថា ខ្ចីជិះទៅបើកលុយមួយភ្លែត ដោយសារតែជាមិត្តភក្តិនឹងគ្នា ទើបជនរងគ្រោះប្រគល់កូនសោម៉ូតូឱ្យជនសង្ស័យជិះចេញទៅបាត់។
ប្រភពដដែលបន្តទៀតថា ជនរងគ្រោះនៅរង់ចាំជនសង្ស័យចាំបាត់ៗ មិនឃើញយកម៉ូតូមកប្រគល់ ឱ្យវិញ ទើបនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះក៏បានមករាយការណ៍និងដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យ នៅប៉ុស្តិ៍រដ្ឋបាលព្រៃស តែម្តង។
លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២រសៀល ជនរងគ្រោះបានរកឃើញជនសង្ស័យ កំពុងធ្វើការនៅក្នុងសិប្បកម្មកញ្ចក់ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ ១Q-៨៤១៣ មានលេខតួនិងលេខម៉ាស៊ីន ៥៧១៥៥៨៧ យកមកសាកសួរ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ រួចយកទៅដោះគ្រឿងលក់បានលុយចំនួន៤០ដុល្លារអាមេរិក យកទៅលេងល្បែងហ្គេមបាញ់ត្រី ចាញ់អស់ប្រាកដមែន។
ដោយមានការសម្របសម្រួលពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ អនុវត្តបន្តតាមនីតិវិធី៕