ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនពិការជើងម្នាក់ត្រូវក្រុមគ្រួសារអះអាងថា ជាមនុស្សមានសតិមិនប្រក្រតី នៅសុខៗភ្ញាក់ពីដំណេកមិនទាន់បានលុបមុខមាត់ស្រួលបួលផង ក៏ធ្វើសកម្មភាពដុតផ្ទះរបស់ម្តាយខ្លួនឯង បណ្តាលឱ្យឆាបឆេះរងការខូចខាតអស់របស់ទ្រព្យមួយចំនួនទាំងព្រឹកព្រលឹម។

ករណីកូនប្រុសសតិមិនប្រក្រតីដុតផ្ទះម៉ែឆេះផ្អើលទាំងព្រឹកនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះអ៊ុត សាខន ភេទស្រី អាយុ៦៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្កត្រូវជាកូនប្រុសបង្កើតរបស់ម្ចាស់ផ្ទះ មានឈ្មោះពៅ រិទ្ធី អាយុ៣០ឆ្នាំ ជាជនពិការជើងម្ខាង មានសតិមិនប្រក្រតី ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញជនបង្កទើបនឹងក្រោកពីដេក ក៏ស្រាប់តែធ្វើសកម្មភាពដុតផ្ទះម្តាយខ្លួនឯងបណ្តាលឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពបន្តថា នៅពេលហេតុការណ៍កើតឡើងនោះមានប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលប៉ុស្តិ៍បានជួយពន្លត់រលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះផ្ទះនោះទេ គឺខូចខាតតែសម្ភារក្នុងផ្ទះ រួមមាន ទូរទស្សន៍២គ្រឿង អំភ្លី១គ្រឿង ពូក៣ កន្ទេល១ ខ្នើយ១ គ្រែដេក១ និងជើង សិប្បនិមិត្ត១តែប៉ុណ្ណោះ៕