ខេត្តកំពង់ធំ ៖ យុវតីម្នាក់បានចេញទៅធ្វើការឆ្ងាយផ្ទះអស់រយៈពេល២ឆ្នាំមកហើយ លុះមួយរយៈចុងក្រោយនេះ ចេះតែទូរស័ព្ទត្អូញប្រាប់ម្តាយថា ឈឺក្បាលមិនបាត់សោះ ទើបម្តាយប្រាប់ថា បើឈឺអត់បាត់ត្រឡប់មកផ្ទះវិញទៅ ស្រាប់តែកូនស្រីវិលត្រឡប់មកផ្ទះដេកបាន ២យប់ ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ដេក បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីចងកធ្វើអត្តឃាតខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

យុវតីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះខ្វាច ស្រីល័ក្ខ អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះសុង ចាន់ថន ត្រូវជាម្តាយរបស់យុវតីខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (យុវតីរងគ្រោះ) បានចេញទៅធ្វើការនៅឯខេត្តព្រះសីហនុ អស់រយៈពេលជាង២ឆ្នាំមកហើយ ដល់ពេលបុណ្យភ្ជុំ ឬចូលឆ្នាំ ទើបមកលេងផ្ទះម្តង។ លុះក្រោយមក នៅអំឡុងខែឧសភាកន្លងទៅ កូនស្រីម្នាក់នេះបានទូរស័ព្ទមកប្រាប់គាត់ជាម្តាយថា នាងចេះតែឈឺក្បាលខ្លាំង ទើបគាត់ប្រាប់ឱ្យកូនត្រឡប់មកផ្ទះវិញ។

ស្ត្រីជាម្តាយបន្តថា លុះមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ទើបលេចមុខកូនស្រីត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះ កូនគាត់មានសភាពធម្មតា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ គាត់ជាម្តាយបានសួរនាំពីអាការជំងឺកូន ហើយកូនស្រីបានប្រាប់ថា នាងនៅតែឈឺក្បាល ពេលនោះគាត់ក៏និយាយថា បើឈឺក្បាលមិនបាត់ចឹង មានតែទៅពេទ្យ តែកូនគាត់ឆ្លើយថា មិនអីទេ រួចហើយនាំកូនហូបបាយសម្រាកនៅលើផ្ទះគ្នាបីនាក់ (ឪពុកម្តាយ និងកូនស្រី) ដូចសព្វដង។
ស្ត្រីជាម្តាយ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ គាត់ក៏បានចុះទៅបោកខោអាវនៅឯដី ហើយប្តីក្រោកមើលទូរទស្សន៍ ពេលនោះកូនស្រីគាត់ដើរចូលបន្ទប់ មួយសន្ទុះប្តីគាត់ចុះមកដីមើលគោ គាត់ក៏ស្រែកហៅកូនស្រីតែមិនឮសំឡេងឆ្លើយតបសោះ ទើបនឹកឆ្ងល់ឡើងទៅមើលនៅលើផ្ទះ ស្រាប់តែប្រទះឃើញកូនស្រីចងក នឹងខ្សែគោជាប់នឹងធ្នឹមផ្ទះក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព រួចបញ្ជាក់ថា សាកសពមានស្លាកស្នាមគ្រលួតជាប់ជុំវិញក ដែលជាស្លាកស្នាមចំណងខ្សែគោ។
តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕