ខេត្តព្រះសីហនុ ៖ ជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ដែលបានបន្លំខ្លួនធ្វើជាភ្ញៀវចូលទិញទំនិញនៅក្នុងហាងមួយកន្លែង រួចឆ្លៀតឱកាសបាញ់ស្ព្រាយ៍ចូលភ្នែកអ្នកគិតលុយ ធ្វើឱ្យជនរងគ្រោះមើលអ្វីមិនឃើញតតាំងមិនបាន ក៏ព្រួតគ្នាវាយធ្វើទារុណកម្ម និងប្លន់យកលុយ ព្រមទាំងទ្រព្យសម្បត្តិមានតម្លៃមួយចំនួននៅក្នុងហាងលក់ដូរមួយកន្លែង កណ្តាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបានចំនួន៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់។
ករណីបាញ់ស្ព្រាយ៍ចូលភ្នែកប្លន់លុយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៧នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅចំណុចហាងលក់ដូរមួយកន្លែង យីហោ ជៀ ហុង មានទីតាំងស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយមានបទល្មើសនេះកើតឡើងឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិចិន៣នាក់។
របាយការណ៍ខាងលើ បន្តថា រហូតដល់វេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ខណៈជិះរថយន្ត១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត) នៅចំណុចផ្លូវអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖
ទី១-ឈ្មោះជា លក្ខណៈបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ចេះភាសាចិន) មុខរបរមិនពិតប្រាកដ មានលំនៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ២ រាជធានីភ្នំពេញ។
ទី២-ឈ្មោះ YUE MING WEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរឈ្មួញកណ្តាល កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
ទី៣-ឈ្មោះ LIU JIE ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងកាស៊ីណូ ហ៊ួយហ័រ កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានលំនៅភូមិ១ សង្កាត់៤ ក្រុង។
ទី៤-ឈ្មោះ ZENG WEI XING ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
រីឯវត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមាន កាំបិតស្នៀត១ដើម ស្នាប់ដៃ១ កូនសោ ខ្នោះ២ ទូរស័ព្ទដៃចំនួន៤គ្រឿង រថយន្ត១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-2749 (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត)។

ចំណែកជនរងគ្រោះ មានឈ្មោះ Zheng Wen Jin ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកគ្រប់គ្រង មានលំនៅក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះជា លក្ខណៈបញ្ញា និងឈ្មោះ ZENG WEI XING បានឆ្លើយសរភាពថា ពួកគេពិតជាបានបានចូលរួមធ្វើសកម្មភាពប្លន់ កាលពីវេលាម៉ោង៩និង៤៧នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ជាមួយបក្ខពួកជនជាតិចិន ៤នាក់ទៀតប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ខាងលើបានសារភាពបន្ថែមទៀតថា នៅថ្ងៃកើតហេតុ ពួកគេបានប្រើប្រាស់រថយន្ត១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីមកបិទស្លាកលេខរថយន្ត) ក្នុងគោលបំណងចាប់ស្រីជនជាតិចិនម្នាក់ឈ្មោះ ណុិ ណុិ ជាបុគ្គលិកហាងម៉ាស្សាយីហោជីងហាវ ម្តុំកែងតុលាការ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដើម្បីជំរិតទារប្រាក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ចំណែកបក្ខពួក២នាក់ទៀតដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់ ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕