កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងបរិវេណផ្សារបឹងឫស្សី ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ១ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរៀបចំដាក់សម្ពោធជាផ្លូវការ ផ្សារទើបបង្កើតថ្មីមួយនេះឡើង។ នាឱកាសនោះ គេឃើញមានវត្តមានភ្ញៀវអាជីវករ និងម្ចាស់ផ្សារផងដែរ។

សមិទ្ធផលនេះនឹងជួយជំរុញដល់ពលរដ្ឋនាតំបន់នោះចំណេញពេលវេលា ដោយអាចមកផ្សារខាងលើ បាននិងទិញទំនិញគ្រប់មុខដែលពួកគាត់ត្រូវការ។
លោក luo hua guo ម្ចាស់ផ្សារ “បឹងឫស្សី” បានឲ្យដឹងថា “នេះជាគម្រោងទី១ ដែលខាងយើងរៀបចំផ្សារនេះឡើង។ ទីតាំងផ្សារយើង មានតូបសរុបទាំងអស់ជិត៤០០តូប ហើយ៩៥% គឺអាជីវករជាវអស់”។

លោកបន្តថា “ទីនេះ មានទំនិញល្អៗ ប្រកបដោយគុណភាព ដែលមានអាជីវករខ្មែរ និងចិន លក់រួមគ្នា។ យើងសប្បាយចិត្តដែលបាន វិនិយោគទីផ្សារនៅទីនេះឲ្យបានកើតឡើង។ យ៉ាងហោចណាស់ បានជួយដល់បងប្អូនយើងរស់នៅតំបន់នេះបានងាយស្រួលមួយផ្នែកដែរ ។ផ្សារនេះនៅទីប្រជុំជន មានសាលារៀន និងមន្ទីរពេទ្យ ហើយអ្នកភូមិ មកជាវអីវ៉ាន់ដោយសេរី ព្រោះថាមានរបស់របរស្ថិតក្នុងតម្លៃធូរថ្លៃ មិនបាច់ទៅឆ្ងាយ”។

លោកបន្តទៀតថា “ក្នុងនាមជនជាតិចិន បានបង្កើតផ្សារជួយដល់ពលរដ្ឋកម្ពុជា និងរដ្ឋាភិបាលខ្មែរ នេះជាចំណងមិត្តភាពមួយដ៏សំខាន់។ ផ្សារនេះមានទំហំ៥ពាន់ម៉ែត្រការ៉េ ហើយមួយទៀតតំបន់ផ្លូវជាតិទៀតសោត ខ្វះផ្សារ ទើបលោកជ្រើសរើស ស្របពេលប្រជាជនរស់នៅក៏ច្រើន រឹតតែជួយសម្រួលខ្លាំង មិនបាច់ធ្វើដំណើរទៅឆ្ងាយ។ ម្យ៉ាងទៀត ផ្សារក៏មានកន្លែងចតឡាន ម៉ូតូធំទូលាយ រឹតតែងាយស្រួលថែមទៀតដល់អតិថិជន”។

លោក luo hua guo បញ្ជាក់ថា “នៅពេលឆាប់ៗនេះ និងមានបង្កើតផ្សារនាតំបន់ក្បែរនេះទៀត ដើម្បីបំពេញតម្រូវការ និងមានផែនការ២ទៀត ដែលយើងរៀបចំឆ្នាំនេះផងដែរ”៕