ខេត្តរតនគិរី ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តខេត្តរតនគិរី សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ ក្រោមការសម្របសម្រួលពីលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣ ត្រូវជាក្រុមគ្រួសារតែមួយ (ឪពុកម្តាយ និងកូនប្រុស) ដែលជាមុខសញ្ញាជាប់ពាក់ព័ន្ធនឹងអំពើលួច (លួចម្រេច) នៅខេត្តត្បូងឃ្មុំ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖
ទី១-ឈ្មោះចាន់ សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកត្រាក់ទ័រ (ជាកូន)។
ទី២-ឈ្មោះជា សុផល ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកម្មករ (ជាម្តាយ)។
ទី៣-ឈ្មោះជា ដារ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករ (ជាឪពុក)។
ជនសង្ស័យទាំង៣នាក់ឪពុកម្តាយ និងកូនប្រុស ស្នាក់នៅបណ្តោះអាសន្នក្រុមហ៊ុនដូនពេញអាទីកូ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្ន កម្លាំងជំនាញព្រហ្មទណ្ទកម្រិតស្រាលខេត្តរតនគិរី បានធ្វើការប្រគល់ឱ្យកម្លាំងជំនាញខេត្តត្បូងឃ្មុំដើម្បីបន្តនីតិវិធី៕