ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពវាយប្លន់ម៉ូតូពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេចកាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ផ្លូវលំ ក្នុងភូមិអង្គរជ័យ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយព្យាយាមគេចខ្លួនបាត់រហូតមកដល់វេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ទើបកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន២នាក់ជាបន្តបន្ទាប់។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះធីម សិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌកំបូល។ ទី២-ឈ្មោះម៉េង សំរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិពង្រ សង្កាត់ចោម- ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះ ឈ្មោះលឹម អ៊ុយកុក ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ម៉ូតូដែលជនសង្ស័យវាយប្លន់យកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HA-1078។
តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ផ្លូវលំក្នុងភូមិអង្គរជ័យ សង្កាត់ស្នោ ខណ្ឌកំបូល មានជនសង្ស័យ២នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដា មួយគ្រឿង ពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេច ហើយនាំគ្នាគេចបាត់អស់។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌកំបូល នៅល្ងាចថ្ងៃទី២៩ និង៣០ ខែឧសភា យកមកសួរនាំ។

សមត្ថកិច្ចបានបន្តថា ក្រោយពីសួរនាំរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវ៉ៃប្លន់ម៉ូតូជនរងគ្រោះ ប្រាកដមែន ដោយហៅជនរងគ្រោះឱ្យឌុបតាំងពីរង្វង់មូលចោមចៅ រហូតមកដល់កន្លែងកើតហេតុ ដែលជាកន្លែងស្ងាត់ ក៏ធ្វើសកម្មភាពប្លន់យកម៉ូតូតែម្តង។ បន្ទាប់ពីសួរនាំរួច ក៏នាំជនសង្ស័យទៅតាមចាប់បក្ខពួកម្នាក់ទៀត កាលពីថ្ងៃទី៣០ ខែឧសភា នៅកន្លែងលក់ទឹកត្នោតជូរ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង២នាក់ ធ្លាប់ធ្វើសកម្មភាពវាយប្លន់ម៉ូតូប្រជាពលរដ្ឋតាមដងផ្លូវជាញឹកញាប់ ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានី ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕