Tuesday, November 25, 2025
Homeព័ត៌មានជាតិចាប់បានហើយ នាងឲ្យពូកង់៣ដេកស្តូក ហៀរទឹកមាត់កក្លាក់

ចាប់បានហើយ នាងឲ្យពូកង់៣ដេកស្តូក ហៀរទឹកមាត់កក្លាក់

ភ្នំពេញ ៖ ស្ត្រីជើងល្អម្នាក់ដែលប្រើល្បិចល្បួងហៅម៉ូតូកង់បីជិះ រួចលួចដាក់ថ្នាំងងុយដេកក្នុងទឹកក្រូចឱ្យអ្នករត់កង់បីផឹកសន្លប់បាត់ស្មារតី ហូរទឹកមាត់កក្លាក់ បន្ទាប់មកក៏ប្រមូលយកលុយកាក់ទ្រព្យសម្បត្តិរបស់បុរសអ្នករត់កង់បីអស់នោះ ទីបំផុតអស់លក្ខណ៍ក្រោយពីត្រូវអ្នករត់កង់បីដូចគ្នាប្រទះឃើញសង្ស័យ ក៏ឃាត់ស្ត្រីជើងល្អរូបនោះសួរនាំ រួចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

ករណីឃាត់ខ្លួនស្ត្រីជើងល្អប្រើល្បិចធ្វើស៊ីប្រុសរត់កង់បីនៅពេលយប់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៤៣៦ ក្រុមទី២១ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ស្ត្រីសង្ស័យខាងលើ មានឈ្មោះអ៊ុច ចាន់ថា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះមានឈ្មោះថន កោសល្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ១២ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីលោកផន អូន អធិការរងខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ត្រីជាជនសង្ស័យបានហៅម៉ូតូកង់បីរបស់ជនរងគ្រោះជិះចេញពីផ្សារបឹងកេងកងទៅផ្សារបឹងត្របែក ខណៈមកដល់ផ្សារបឹងត្របែក ស្ត្រីសង្ស័យក៏ប្រាប់ឱ្យអ្នករត់កង់បីឈប់ រួចក៏ចុះពីលើម៉ូតូកង់បីនេះទៅហៅម៉ូតូកង់បី១គ្រឿងទៀត (កង់បីជនរងគ្រោះ) ជិះទៅម្តុំមជ្ឈមណ្ឌលរ៉ុក ដោយប្រាប់ថា ទៅទិញទឹកក្រូចផឹក។

ប្រភពដដែលបន្តថា លុះពេលទិញទឹកក្រូចបានហើយ ស្ត្រីសង្ស័យក៏ឡើងជិះកង់បីជនរងគ្រោះត្រឡប់មកវិញ ដោយប្រាប់ឱ្យដឹកនាងទៅផ្សារបឹងត្របែកវិញ ខណៈជិះបានពាក់កណ្តាលផ្លូវ ស្ត្រីសង្ស័យក៏បានឱ្យទឹកក្រូចដែលខ្លួនបានដាក់ថ្នាំងងុយដេករួចទៅហើយ ទៅឱ្យជនរងគ្រោះជាអ្នករត់កង់បីនោះផឹក ដោយប្រាប់ថា ផឹកទឹកក្រូចទៅខ្ញុំឱ្យ ខណៈនោះបុរសរងគ្រោះក៏បានផឹកទឹកក្រូច ដែល ស្ត្រីសង្ស័យខាងលើនោះឱ្យ លុះផឹករួចបានមួយសន្ទុះក្រោយមក ក៏ស្រាប់តែកើតមានអាការងងុយគេងយ៉ាងខ្លាំង ភ្លាមៗនោះបុរសរងគ្រោះជាអ្នករត់កង់បីទន់ភ្នែកខ្លាំងពេកទប់មិនជាប់ ក៏បានឈប់ម៉ូតូនៅម្តុំផ្សារបឹងត្របែករួចដេកលង់លក់ឈឹងតែម្តង។

ក្រោយមកស្ត្រីដែលជាជនសង្ស័យ បានលូកយកកាបូបលុយ និងកាបូបស្ពាយរបស់ជនរងគ្រោះជាម្ចាស់កង់បីបានសម្រេច ហើយបម្រុងរត់គេចខ្លួន តែត្រូវអ្នករត់កង់បីដូចគ្នាបានស្គាល់បុរសខាងលើ មានការសង្ស័យក៏បានហៅស្ត្រីដែលជាជនសង្ស័យខាងលើ ឱ្យឈប់សួរនាំ ទើបដឹងរឿងថាជនសង្ស័យកំពុងត្រូវថ្នាំសណ្តំ ក៏ឃាត់ស្ត្រីសង្ស័យជាប់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យនាំយកទៅធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការចោទប្រកាន់មែន ដោយខ្លួនបានដាក់ថ្នាំងងុយដេកក្នុងទឹកក្រូច ឱ្យទៅជនរងគ្រោះជាអ្នករត់ម៉ូតូកង់បីនោះផឹកប្រាកដមែន រួចក៏បានលួចយកកាបូបស្ពាយ និងកាបូបលុយ ប្រុងគេចខ្លួនដែរ តែរត់មិនរួច ត្រូវអ្នករត់កង់បីដូចគ្នាប្រទះឃើញឃាត់ជាប់តែម្តង។

ក្រោយឃាត់ខ្លួនស្ត្រីជាជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

RELATED ARTICLES