Tuesday, November 25, 2025
Homeព័ត៌មានជាតិមកដល់មុខផ្ទះទៅហើយ រៀបនឹងចូល... ស្រាប់តែមកពីក្រោយធ្វើសកម្មភាព

មកដល់មុខផ្ទះទៅហើយ រៀបនឹងចូល… ស្រាប់តែមកពីក្រោយធ្វើសកម្មភាព

ភ្នំពេញ ៖ យុវជនម្នាក់បានបើកម៉ូតូជូនមិត្តភក្តិរបស់ខ្លួនទៅផ្ទះ រួចក៏ត្រឡប់មកវិញតែម្នាក់ឯង ខណៈដល់មុខផ្ទះកំពុងរៀបចាក់សោចូលផ្ទះ ក៏លេចមុខជនសង្ស័យចំនួន២នាក់ ប្រដាប់ដោយដែកគាស់ និងមួកសុវត្ថិភាព បានវាយមកលើយុវជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោរត់ចោលម៉ូតូ ឃើញបែបនេះ ជនសង្ស័យក៏ប្លន់យកម៉ូតូពីជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

ករណីវាយប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៣៣ តាមបណ្តោយផ្លូវ បេតុងលេខ ៧៧BT ស្ថិតក្នុងភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីលែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2GB-0008 បានជូនមិត្តភក្កិម្នាក់ទៅផ្ទះនៅម្តុំចាក់សំរាមចាស់។

តាមប្រភពបន្ថែមថា ក្រោយពីជូនមិត្តភក្តិដាក់ផ្ទះរួច ជនរងគ្រោះបើកម៉ូតូត្រឡប់មកផ្ទះវិញ លុះបើកម៉ូតូមកដល់ចំណុច មុខផ្ទះរៀបនឹងចាក់សោចូលផ្ទះទៅហើយ ក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខ បានមកអែបក្បែរម៉ូតូជនរងគ្រោះ រួចទាញមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ និងយកដែកគាស់១ដើម មកគំរាមរកវាយបន្ថែមទៀត ធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោផ្តួលម៉ូតូចោល រត់យករួចខ្លួនសិន។ បន្ទាប់មក ជនសង្ស័យឃើញឱកាសល្អ ក៏បានលើកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុន១ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ដើម្បីចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES