ភ្នំពេញ ៖ បន្ទាប់ពីមានប្រជាពលរដ្ឋដែលប្រើប្រាស់ទូរស័ព្ទជាច្រើនបានប្រតិកម្មត្អូញត្អែរអំពីបញ្ហាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទកាត់លុយទូរស័ព្ទមិនដឹងមុខនោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ការលើបញ្ហានេះ ដោយកំពុងជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែមដែលបានភ្ជាប់ ដោយចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។

យោងតាមសេចក្តជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លេខ០០៥បទ.សជណ ចុះថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា “ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នាពេលកន្លងមក ដោយសារមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរស័ព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងដោយមិនដឹងខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករ ទូរស័ព្ទចល័តទាំងអស់ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានកាត់លុយជាស្វ័យប្រវត្តិតទៅទៀតដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។
ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់គួរយល់ដឹងអំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាពលើការប្រើប្រាស់សេវាកម្មនិងសេវាបន្ថែមរបស់បណ្តាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាស្ត្រ សេវាស្តាប់ចម្រៀង (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយមិនបញ្ចេញលេខ (Private Number) ជាដើម។

ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន”៕
ខៀវទុំ