Tuesday, November 25, 2025
Homeព័ត៌មានជាតិអ្នកការពារព្រៃឈើ ប្តឹងមន្ត្រីបរិស្ថាន មិនការពារព្រៃ ប្រើកាំភ្លើងកាងបទល្មើសព្រៃឈើ

អ្នកការពារព្រៃឈើ ប្តឹងមន្ត្រីបរិស្ថាន មិនការពារព្រៃ ប្រើកាំភ្លើងកាងបទល្មើសព្រៃឈើ

ខេត្តព្រះវិហារ ៖ អ្នកការពារព្រៃឈើ គ្រោងប្តឹងមន្ត្រីបរិស្ថានម្នាក់ ឈ្មោះអឿន អុក ថា មិនបានការពារធនធានធម្មជាតិ ដែលរដ្ឋផ្តល់សិទ្ធិឱ្យនោះទេ ផ្ទុយទៅវិញ បែរជាយកអំណាចស្ពាយកាំភ្លើង កាងបទល្មើសព្រៃឈើបំពានច្បាប់ទៅវិញ។

ចំណែកអ្នកវិភាគ បានលើកឡើងថា អ្នកថ្កោលទោសយុវជនខ្វល់ខ្វាយពីទឹកដីធម្មជាតិ ជាការបំផ្លាញសេចក្តីស្នេហាជាតិរបស់ពួកគេ។

លោកឆឺយ ឧត្តមរស្មី កូនប្រុសលោកឈុត វុទ្ធី និងជាប្រធានអង្គការការពារធនធានធម្មជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២០ ថា ក្នុងនាមអ្នកធ្វើការពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ លោកក៏ចូលរួមប្តឹងនៅក្នុងករណីនេះដែរ ព្រោះជាករណីកាងបទល្មើសព្រៃឈើ។

លោកឆឺយ ឧត្តមរស្មី បានមានប្រសាសន៍ថា “ខ្ញុំថា អានេះជាភាពមួយដែលគាត់មិនគោរពតាមតួនាទី តាមបទបញ្ជា ហើយក្នុងនាមខ្លួនឯងជាមន្ត្រីបរិស្ថាន ការពារបរិស្ថាន បែរទៅជាទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋ សហគមន៍ចូលល្បាតព្រៃ តែបែរជាបើកដៃឱ្យឈ្មួញកាន់កាំភ្លើងការពារឈ្មួញទៀត។ អ៊ីចឹងមានន័យថា ពួកហ្នឹងជាចោរឯកសណ្ឋានហើយ គាត់មិនមែនពាក់ឯកសណ្ឋាន ដើម្បីការពារភាពត្រឹមត្រូវទេ មកការពារភាពកខ្វក់ខុស អ៊ីចឹងខ្ញុំជឿថា ពួកហ្នឹងជាចោរឯកសណ្ឋានហើយ។

អ៊ីចឹងហើយខ្ញុំក៏ចូលរួមប្តឹងជាមួយប្រជាពលរដ្ឋដែរ ដើម្បីឱ្យមេគាត់ហ្នឹងមានការហៅគាត់ទៅសាកសួរពីបញ្ហាហ្នឹង ហើយជាពិសេស សុំឱ្យតុលាការហ្នឹង គាត់ធ្វើការកោះហៅមន្ត្រីពុករលួយទាំង អស់ហ្នឹងទៅសាកសួរផង ព្រោះកន្លងមកយើងឃើញករណីដូចនៅឧទ្យានជាតិវីរជ័យ អ៊ីចឹង មានការបង់លុយចូលមកបំផ្លាញសត្វ ចូលមកកាប់ឈើ ក្នុងម្នាក់៣០០ដុល្លារ ឱ្យមន្ត្រីបរិស្ថានហ្នឹង”។

លោកឆឺយ ឧត្តមរស្មី បន្តថា “ក្នុងចំណុចនេះដែរ ខ្ញុំគ្មានសំណូមពរអីច្រើនទេ ខ្ញុំគិតថា ក្រសួងបរិស្ថាន គួរឱ្យមន្ត្រីរបស់ខ្លួនហ្នឹងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវទៅ ហើយកុំដើរយកលុយគេ ព្រោះវាអាក្រក់មើល ដោយសារយើងជាមន្ត្រីអនុវត្តច្បាប់ យើងដើរតែយកលុយគេ ហើយការពារឈ្មួញអ៊ីចឹង ខ្ញុំគិតថា វាមិនល្អទេ។

ហើយក្នុងកាលថ្មីៗនេះ ថ្ងៃ២៤ មេសា នេះ ក៏បានចេញសេចក្តីប្រកាសថា រាល់អង្គការសង្គមស៊ីវិល ឬប្រជាពលរដ្ឋចូលក្នុងព្រៃហ្នឹង ត្រូវមានការអនុញ្ញាត ប៉ុន្តែបែរជាមួយរយៈហ្នឹងឈ្មួញចូលក្នុងព្រៃហើយ គ្រាន់តែបង់ក្រដាសការអនុញ្ញាតហ្នឹង គឺគាត់អត់អនុញ្ញាតឱ្យទៅបានទេ។ អ៊ីចឹងហើយ ខ្ញុំគិតថា អានេះជាការលាក់បាំងបទល្មើស មួយនៅក្នុងតំបន់ការពារ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នាយរងប៉ុស្តិ៍នគរបាលឃុំពោធិ៍ និងសហគមន៍ការពារព្រៃព្រះរកា បានឃាត់ចាប់គោយន្ត២គ្រឿង ដឹកឈើបន្ទះក្តារជាង១ម៉ែត្រគូប និងឈើមានមុខកាត់៩តឹក ប្រវែង៣ម៉ែត្រ ចំនួន៤សន្លឹក ដែលក្រុមជនល្មើសដឹកចេញពីព្រៃព្រះរកា។

សហគមន៍ថា សកម្មភាពឃាត់ចាប់នោះ មន្ត្រីបរិស្ថាន ឈ្មោះអឿន អុក ពាក់ ឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សកាន់កាំភ្លើងអាកាមួយដើម ឈរកាងការពារ។ រីឯនគរបាល និងសហគមន៍ បានថតរូបទុកជាភ័ស្តុតាងត្រៀមបង្ហាញតុលាការ។ បណ្តាញសហគមន៍ការពារព្រៃព្រះរកា រស់នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ និងមន្ត្រីនគរបាលមួយចំនួនក្នុងខេត្តព្រះវិហារ ខកចិត្តនឹងមន្ត្រីបរិស្ថានម្នាក់ ឈ្មោះ អឿន អុក ថាមិនបានការពារធនធានធម្មជាតិ ដែលរដ្ឋផ្តល់សិទ្ធិឱ្យនោះទេ ផ្ទុយទៅវិញបែរ ជាយកអំណាចកាងបទល្មើសព្រៃឈើបំពានច្បាប់។

បណ្តាញសហគមន៍ព្រៃព្រះរកា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បណ្តាញសហគមន៍ព្រៃព្រះរកា ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ គ្រោងប្តឹងមន្ត្រីបរិស្ថានការពារដែនជម្រកព្រៃព្រះរកាម្នាក់ បានកាងបទល្មើសកាប់ឈើដឹកតាមគោយន្តពីព្រៃព្រះរកា។

ឈ្មោះអឿន អុក ជាមន្ត្រីបរិស្ថាន ដែលកាងជនល្មើសព្រៃឈើនៅក្នុងភូមិពោធិ៍ ឈ្មោះ ព្រឹម ភារិទ្ធ ដែលតែងតែកាប់ដឹកជាប្រចាំ មិនដែលសមត្ថកិច្ចមូលដ្ឋានណាឃាត់ទុកចាប់បានភ័ស្តុតាងឡើយ”។

នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោកប៉ឹង សោភ័ណ មានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធិប្តឹងមន្ត្រីជំនាញណាដែលប្រព្រឹត្តខុសច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធ និងតុលាការ មានតួនាទីស៊ើបអង្កេត និងអនុវត្តច្បាប់។ លោកថា ប្រសិនបើមន្ត្រីបរិស្ថាន យកតួនាទីកាងបទល្មើសព្រៃឈើ ជាទង្វើល្មើសច្បាប់។

តំណាងសហគមន៍ការពារព្រៃព្រះរកា លោកបា ផល បានបញ្ជាក់ថា សមាជិកបណ្តាញសង្គម ការពារព្រៃព្រះរកា ជាង១ពាន់នាក់ កំពុងពិភាក្សាគ្នាត្រៀមប្រមូលស្នាមមេដៃប្តឹងមន្ត្រីបរិស្ថានរូបនេះ ទៅតុលាការ នៅពេលឆាប់ៗនេះ។ ព្រោះមន្ត្រីបរិស្ថានរូបនេះតែងតែកាងបទល្មើសព្រៃឈើដែលដឹកចេញពីព្រៃព្រះរកា។

លោកបា ផល បានបញ្ជាក់ទៀតថា ព្រៃព្រះរកា ចាប់តាំងពីគ្រប់គ្រងដោយក្រសួងបរិស្ថាន ដើមឈើធំៗបាត់បង់ស្ទើរទាំងស្រុង ហើយមន្ត្រីបរិស្ថាន ដែលប្រចាំការឈរជើងការពារព្រៃនៅតំបន់នោះ តែងតែយកតួនាទីជំរិតទារលុយពីពលរដ្ឋកាប់ឈើបន្តិចបន្តួច និងកាងបទល្មើសព្រៃឈើ ឱ្យសាច់ញាតិបងប្អូនរបស់ខ្លួន ។

លោកបា ផល បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ថា “បាទ! រឿងប្រមូលស្នាមមេដៃនេះ ជាការពិត យើងមិនទាន់បានរៀបចំទេ គឺខាងបណ្តាញអត់បានជួបគ្នាផង ហើយខ្ញុំអត់សូវស្រួលខ្លួនទៀត ធ្វើទុក្ខរោគក្រពះ។ ប៉ុន្តែនៅក្នុងបណ្តឹងហ្នឹង យើងអត់ទាមទារអីទេ គ្រាន់តែថា ឱ្យមានប្រក្រតី បើសិនថាអាចយល់យោគ ឬមួយអាចជម្រះបាន យើងធ្វើឱ្យល្អទៅ កុំឱ្យមានលម្អៀង កុំឱ្យមានខ្លះយកលុយ ខ្លះក៏អត់ ខ្លះក៏ចាប់យកទៅស្នាក់ការ។ ការគ្រោងដាក់បណ្តឹងនេះដែរ មេប៉ុស្តិ៍ មេឃុំ គាត់ដឹងឮដែរ។

ដូច្នេះមិនមានអីទេ ខ្ញុំគ្រាន់តែសុំឱ្យរាជរដ្ឋាភិបាល បើសិនជាពង្រឹងបាន ក៏សុំពង្រឹង កុំមានពុករលួយច្រើនពេកតាមព្រៃ តាមដងផ្លូវ ចាប់គោយន្ត ចាប់អី ត្រង់ណាត្រង់ណីអី ដែលគាត់យកលុយយក កាក់អី ត្រូវធ្វើឱ្យស្មើភាពគ្នា”។

លោកហម បាន មេឃុំពោធិ៍ បានបញ្ជាក់ នៅថ្ងៃដដែលនោះដែរថា លោកបានឃើញករណីនេះហើយ នៅពេលគេបានឆាតចូលហ្វេសប៊ុករបស់លោក។

លោកហម បាន មានប្រសាសន៍ថា “បញ្ហាហ្នឹងត្រូវចង់សួរថ្នាក់លើដែរ បើមន្ត្រីថ្នាក់លើ គិតយ៉ាងម៉េច យើងខ្ញុំជាមន្ត្រីថ្នាក់ឃុំ ក៏គិតយ៉ាងហ្នឹងដែរ”។

ជាមួយគ្នានោះ “នគរធំ” បានក៏ទាក់ទងទៅលោកសុក ធី មេប៉ុស្តិ៍ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ដែរ ប៉ុន្តែដោយសារប្រព័ន្ធទូរស័ព្ទរអាក់រអួល មិនអាចនិយាយគ្នាបានទេ។

ទោះយ៉ាងណា នាយរងប៉ុស្តិ៍នគរបាលឃុំពោធិ៍ លោកពោធិ៍ គង់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា មន្ត្រីបរិស្ថានឈ្មោះអឿន អុក បានកាងបទល្មើសព្រៃឈើ ព្រោះលោកបានចាប់គោយន្តពីរគ្រឿងដឹកឈើខុសច្បាប់នៅពេលថ្មីៗនេះ ដោយបញ្ជូនទៅស្នាក់ការបរិស្ថានស្រុកឆែប ដើម្បីអនុវត្តនីតិវិធី។ បុគ្គលម្នាក់នេះបានយកតួនាទីកាងបទល្មើសព្រៃឈើ ធ្វើឱ្យបាត់បង់ឈើធំៗអស់ជាបន្តបន្ទាប់ក្នុងព្រៃអភិរក្ស។

“នគរធំ” បានព្យាយាមទាក់ទងមន្ត្រី ឧទ្យានុរក្សនៃក្រសួងបរិស្ថាន លោកអឿន អុក ដើម្បីសុំការបំភ្លឺ ជុំវិញការចោទប្រកាន់នេះដែរ តែមិនបានសម្រេចទេ កាលពីម្សិលមិញ។

ចំណែកនាយកដែនជម្រកសត្វព្រៃព្រះរកា លោកយ៉ាន់ ប៊ុនសឿន និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយពួកលោកមិនទទួលទូរស័ព្ទ៕

កុលបុត្រ

RELATED ARTICLES