ខេត្តសៀមរាប ៖ ជារឿងដ៏គួរឱ្យសង្វេគបំផុតសម្រាប់ក្រុមគ្រួសារមួយនេះ ខណៈដែលកូនស្រីវ័យ១០ឆ្នាំម្នាក់ បានកើតមានជំងឺជាទំងន់ ក៏ត្រូវឪពុកម្តាយដឹកបញ្ជូនចេញពីស្រុកកំណើតឯខេត្តក្រចេះ សំដៅទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប លុះមកដល់ទឹកដីខេត្តសៀមរាប ស្ត្រីជាម្តាយក៏ប្រាប់ឡានពេទ្យឱ្យឈៀងចូលទៅអុជធូបបែរបន់នៅអាស្រមព្រះអង្គចេកព្រះអង្គចមសិន ស្រាប់តែអកុសល ពេលចេញមកវិញ កូនស្រីក៏ត្រដរខ្យល់ស្លាប់យ៉ាងអណោចអធ័ម ខណៈមិនទាន់បញ្ជូនទៅដល់មន្ទីរពេទ្យនៅឡើយ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចខាងមុខទីអាស្រមព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះទៀង ចរិយា អាយុ១០ឆ្នាំ មានលំនៅក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

តាមសម្តីរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះខាងលើ បានយំរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានកើតមានជំងឺប្រចាំកាយ (បេះដូងចំហរ) និងធ្លាប់ព្យាបាលនៅមន្ទីរពេទ្យឯខេត្តក្រចេះស្រុកកំណើតដែរ តែមិនបានធូរស្រាលសោះ។ លុះមកដល់ថ្ងៃកើតហេតុ ដោយសារអាការកូនស្រីហាក់ធ្វើទុក្ខខ្លាំងឡើង ទើបពួកគាត់ជាឪពុកម្តាយបានសម្រេចបញ្ជូនកូនស្រីតាមរថយន្តសង្គ្រោះបន្ទាន់ចេញពីខេត្តក្រចេះ សំដៅមកកាន់មន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប ដែលមានជំនាញខាងផ្នែកជំងឺកុមារ ដើម្បីឱ្យជួយសង្គ្រោះកូនស្រី។

ស្ត្រីជាម្តាយរូបនេះ បន្តថា លុះពេលធ្វើដំណើរមកដល់ក្រុងសៀមរាប គាត់ក៏បានប្រាប់ឱ្យតៃកុងរថយន្តសង្គ្រោះឈៀងចូលអាស្រមព្រះអង្គចេកព្រះអង្គចមសិន ដើម្បីធ្វើការបន់ស្រន់វត្ថុស័ក្តិសិទ្ធ និងម្ចាស់ទឹកដីសុំសេចក្តីសុខដល់កូនស្រី ឱ្យកូនស្រីបានរួចផុតពីជំងឺដ៏កាចសាហាវនេះ ដឹងអី! ក្រោយពីអុជធូបបែរបន់រួចហើយ គាត់ក៏ប្រញាប់ត្រឡប់មកឡានពេទ្យវិញ ស្រាប់តែមកដល់ក៏ប្រទះឃើញកូនស្រីរបស់គាត់ចាប់ផ្តើមត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយតក់ស្លុតរន្ធត់ចិត្តយំបោកខ្លួនយ៉ាងខ្លាំង និងធ្វើឱ្យផ្អើលឆោឡោដល់ប្រជាពលរដ្ឋ និងអ្នកដំណើររាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះបានស្លាប់ដោយសារតែជំងឺប្រចាំកាយ (បេះដូងចំហរ៉ាំរ៉ៃ) ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

សាកសពកេμងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តក្រចេះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
