ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោកសុខ មេសា ហៅនាយចឺម បានចេញមុខបំភ្លឺជុំវិញការធ្លាយសំឡេងឆាតតាមបណ្តាញសង្គមហ្វេសប៊ុក ថា “សុខ ពិសី អូន បងស្រលាញ់អូន” ដែលធ្វើឱ្យមជ្ឈដ្ឋានមហាជនចាប់អារម្មណ៍ថា តើនាយចឺម និងតារាចម្រៀងស្រីល្បីឈ្មោះរៀមច្បង សុខ ពិសី មានទំនាក់ទំនងស្នេហានឹងគ្នាមែន ឬយ៉ាងណា?

លោកសុខ មេសា ហៅនាយចឺម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា លោកបានឮពាក្យចចាមអារ៉ាមដែលថាលោកនិងកញ្ញាសុខ ពិសី មានស្នេហាក្រៅឆាកជាមួយគ្នា ក្រោយពេលដែលបានឃើញឆាតរបស់លោកនិយាយថា “សុខ ពិសី អូន បងស្រលាញ់អូន” នោះ។ ដូច្នេះលោកសុំធ្វើការបំភ្លឺថា ឆាតបែបនេះ គឺមានពិតមែន ប៉ុន្តែវាមិនមែនពាក្យពិតផុសចេញពីបេះដូងឯកជនរបស់លោក ពោលទៅកាន់តារាចម្រៀងសុខ ពិសី ក្នុងន័យសារភាពស្នេហា ឬជាលក្ខណៈជាគូសង្សារនោះទេ គឺគ្រាន់តែមាននៅក្នុងការសម្តែងបទចម្រៀងមួយបទរបស់ផលិតកម្មសាន់ដេ ប៉ុណ្ណោះ នោះគឺបទ “អាយុគ្រាន់តែជាតួលេខ” ដែលលោកត្រូវច្រៀងនិងសម្តែងជាមួយតារាចម្រៀងសុខ ពិសី ប៉ុណ្ណោះ។

នាយចឺម តារាចម្រៀងវ័យក្មេងសំឡេងពីរោះក្នុងស្រទាប់យុវវ័យ បានបញ្ជាក់ទៀតថា ក្នុងនាមជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ដូចគ្នា លោកពិតជាពេញចិត្តរួមការងារជាមួយកញ្ញាសុខ ពិសី ដែលជារៀមច្បងរបស់លោក ឯសុខ ពិសី ក៏ពេញចិត្តនឹងរួមការងារជាមួយលោកដែរ។ ដូច្នេះហើយទើបធ្វើឱ្យលោកនិងសុខ ពិសី ច្រៀងសម្តែងចូលតួស្នេហាបានល្អនៅក្នុងចម្រៀងមួយបទនោះ ប៉ុន្តែលោកក៏អស់សំណើចដែរ ដែលក្រោយថតបទនេះហើយ ទស្សនិកជនបែរយល់ថា លោកនិងរៀមច្បង សុខ ពិសី មានទំនាក់ទំនងស្នេហានឹងគ្នាទៅវិញ។ ហេតុនេះលោកសូមបញ្ជាក់ឡើងវិញថា ក្រៅពីសិល្បៈ លោកនិងតារាចម្រៀងរូបស្រស់សាច់សខ្ចី សុខ ពិសី គ្រាន់តែរាប់អានគ្នាជាមិត្តធម្មតាប៉ុណ្ណោះគ្មានអ្វីលើសពីហ្នឹងឡើយ។

នាយចឺម បានបញ្ជាក់យ៉ាងដូច្នេះថា ”បាទ! ចង់និយាយថា យើងថតសាច់រឿងនៅក្នុងបទចម្រៀងជាមួយគ្នា គឺបទចម្រៀងក្រោមចំណងជើងថា “អាយុគ្រាន់តែជាតួលេខ”។ និយាយឱ្យចំ បងស្រីសុខ ពិសី តួស្រីនៅក្នុងបទចម្រៀងរបស់ខ្ញុំហ្នឹង បានន័យថា ក្មេងម្នាក់ហ្នឹង គាត់ស្រលាញ់មនុស្សស្រីដែលមានអាយុច្រើនជាងហ្នឹងហើយសាច់រឿងហ្នឹងតែប៉ុណ្ណឹងឯង ទើបមានពាក្យឆាតទៅថា “សុខ ពិសី អូន បងស្រលាញ់អូន” (សើច)។

ប៉ុន្តែបើនិយាយពីជីវិតឯកជន ក្រៅសិល្បៈ ខ្ញុំចាត់ទុកបងសុខ ពិសី គ្រាន់តែជាបងស្រីម្នាក់។ ដូច្នេះខ្ញុំចង់ជម្រាបទៅបងប្អូនទស្សនិកជនថា បទថ្មីនេះនឹងចេញលក់ឆាប់ៗនេះហើយ សូមរង់ចាំទស្សនា និងស៊ែរទាំងអស់គ្នា ហើយកុំយល់ច្រឡំថា ខ្ញុំនិងបងស្រីសុខ ពិសី មានស្នេហានឹងគ្នាទៀត”។

ជាមួយគ្នានោះដែរ កញ្ញាសុខ ពិសី ក៏ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ជាការពិត នាងនិងនាយចឹម បានច្រៀងនិងសម្តែងរួមគ្នានៅក្នុងបទចម្រៀងថ្មី “អាយុគ្រាន់តែជាតួលេខ” ដែលក្នុងបទចម្រៀងនោះឱ្យនាងមានអាយុច្រើន សុខចិត្តទទួលយកក្តីស្រលាញ់ពីនាយចឺម ដែលមានអាយុតិច ប៉ុន្តែមិនមែនបានន័យថា នៅក្រៅឆាក នាងទទួលយកស្នេហាពីនាយចឺម បែបនេះឡើយ។
សុខ ពិសី បានបញ្ជាក់យ៉ាងដូច្នេះថា “ចាស! ហ្នឹងហើយបង នេះគឺជាការថត MV របស់យើងទាំង២នាក់ ហើយនៅក្នុង Caption គឺខ្ញុំសរសេររបៀបលេងសើចហើយតើ! របៀបចំណងជើងចម្រៀងខ្ញុំហើយតើ! គឺចំណងជើងដូចដែលគាត់ (នាយចឺម) បានជម្រាបទៅខាងបងហើយ គឺ “អាយុគ្រាន់តែជាតួលេខ”។

បទនេះច្រៀងជាគូ តែយើងអត់មានបញ្ហាអីទេ ព្រោះយើងបានបកស្រាយបទចម្រៀងជាមួយគ្នាច្រើនពីមុនមកហើយដែរ ប៉ុន្តែបើទស្សនិកជនយល់ច្រឡំថា ពួកយើងមានស្នេហានឹងគ្នា ខ្ញុំសុំបញ្ជាក់ទៅពួកគាត់ថា អត់ទេៗ នេះគ្រាន់តែជាការសម្តែងបទចម្រៀងរួមគ្នា ហើយបទចម្រៀងនេះយើងចង់លើកបង្ហាញថា ធម្មតាមានគូស្នេហាជាច្រើន គិតពីអាយុ ប៉ុន្តែគូសង្សារ ឬគូស្នេហាមួយចំនួន មិនបានគិតទេ សំខាន់គឺបេះដូង និងការយកចិត្តទុកដាក់ចំពោះគ្នា ហើយយើងគ្រាន់តែចង់បង្ហាញថា អាយុគ្រាន់តែជាតួលេខ អាយុគ្រាន់តែជារឿងផ្សេង ប៉ុន្តែសម្រាប់បេះដូង និងក្តីស្រលាញ់ វាសំខាន់។

សម្រាប់គាត់ល្អ ហើយបើសិនជាគាត់មិនមានអត្តចរិតល្អ ក៏យើងអត់អាចធ្វើការជាមួយគ្នាបានដែរ ប៉ុន្តែបានតែក្នុងសិល្បៈទេ ឯក្រៅសិល្បៈមិនអាចក្លាយជាស្នេហាទេ”៕
កុលបុត្រ