ខេត្តរតនគិរី ៖ យុវតីជនជាតិទំពួនម្នាក់បានកើតមានជំងឺឆ្កួតជ្រូកប្រចាំកាយជាច្រើនឆ្នាំមកហើយ លុះពេលកំពុងដេកលេងសុខៗ ក៏ស្រាប់តែកើតមានអាការប្រកាច់បែកពពុះមាត់ស្លាប់ភ្លាមៗមួយរំពេច ដោយគ្មានអ្នកណាម្នាក់ជួយសង្គ្រោះទាន់ពេលវេលានោះឡើយ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង២៣នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់យុវតីរងគ្រោះ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់។
យុវតីរងគ្រោះខាងលើ មានឈ្មោះស្វីន សត្យា អាយុ២១ឆ្នាំ ជនជាតិទំពួន មុខរបរនៅផ្ទះ មានលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលប៉ុស្តិ៍ឃុំកាឡែង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលព័ត៌មានពីលោកក្លែ ផ្លោក ប្រជាការពារភូមិសាយ៉ស់ ថា ស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ មានករណីមនុស្សដេកស្លាប់។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំកាឡែង បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការជាមួយគ្រូពេទ្យ កម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ និងមេភូមិ ចុះទៅដល់កន្លែងកើតហេតុ បានធ្វើកោសល្យវិច័យសព រួចគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយ ឆ្កួតជ្រូក ប្រកាច់ស្លាប់តែម្តង ដោយពុំមានករណីឃាតកម្មនោះទេ។

ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យ និងសពរួចសព្វគ្រប់ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ និងគ្រូពេទ្យ បានធ្វើកំណត់ហេតុប្រគល់សពជូនឪពុកម្តាយនៃសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕