ខេត្តស្វាយរៀង ៖ បុរសម្នាក់តែងតភ្លើងជាមួយម៉ូទ័របូមទឹកជារៀងរាល់ព្រឹក ដើម្បីបូមទឹកយកមកទុកឱ្យប្រពន្ធប្រើប្រាស់ ព្រោះតែខ្លាចប្រពន្ធលំបាក ស្រាប់តែអកុសលភ្លាត់ស្នៀតក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បើទោះជាភ្លាមៗនោះ ក្រុមគ្រួសារនិងអ្នកជិតខាងព្យាយាមជួយសង្គ្រោះលើកកប់ដាក់ក្នុងដីខ្សាច់រួចធ្វើចលនាដៃជើង និងប្រញាប់ដឹកយកទៅមន្ទីរពេទ្យក្តី ក៏មិនអាចសង្គ្រោះបានឡើយ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះនេត ផល្លី អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ប្តីគាត់ជាទម្លាប់ ពេលព្រឹកតែងតែបូមទឹកដាក់ពាងដូចសព្វដង ហើយនៅព្រឹកកើតហេតុ ប្តីគាត់បានទាញខ្សែភ្លើងដាក់តម៉ូទ័របូមទឹក ប៉ុន្តែមិនបានបិទបារ៉ែតភ្លើងនោះទេ ខណៈកំពុងរាយខ្សែចេញមកខាងក្រៅផ្ទះ ស្រាប់តែត្រូវខ្សែភ្លើងឆក់ដេកដួលលើដី បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិឱ្យជួយសង្គ្រោះលើកកប់ក្នុងខ្សាច់ និងធ្វើចលនាដៃជើងរួច ប្រញាប់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែអកុសលហួសពេលទៅហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕