ភ្នំពេញ ៖ បុរសជាជាងជួសជុលគ្រឿងចក្រម្នាក់ត្រូវប្រជាពលរដ្ឋម្នាក់ឃាត់ខ្លួននាំយកមកប្រគល់ឱ្យសមត្ថកិច្ច ក្រោយពីជាងជួសជុលគ្រឿងចក្ររូបនេះ បានធានាថាយកគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ទៅជួសជុល ដោយយកទាំងលុយជាង២ពាន់ដុល្លារ និងអេស្កាវ៉ាទ័រ១គ្រឿង សរុបតម្លៃប្រមាណ២ម៉ឺនដុល្លារ រួចក៏គេចខ្លួនបាត់រហូត។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៥និង១០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ហើយយកមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ឃ្មួញ វិញ។
ជនសង្ស័យខាងលើ មានឈ្មោះវ៉ាន់ ជឿង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជួសជុលគ្រឿងចក្រ ស្នាក់នៅភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ចំណែកជនរងគ្រោះ មានឈ្មោះតាំង យូហួត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរទទួលលើកឡាន ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានហៅជនសង្ស័យឱ្យមកមើលគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ដែលខូចដើម្បីឱ្យជនសង្ស័យយកទៅជួសជុល។

ក្រោយមក ជនសង្ស័យបានសុំលុយចំនួន២៥០០ដុល្លារ ដើម្បីទៅទិញគ្រឿងបន្លាស់ ហើយក៏ឱ្យម្ចាស់គ្រឿងចក្រនោះដឹកយកទៅឃ្លាំងជួសជុលគ្រឿងយន្តរបស់គេ នៅផ្លូវលេខ១០១៩ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លុះបានមួយរយៈមកម្ចាស់គ្រឿងចក្រ ក៏ទៅមើល ស្រាប់តែបាត់ទាំងជនសង្ស័យ និងគ្រឿងចក្រទាំងអស់ ប៉ុន្តែគាត់មិនបានទៅប្តឹងឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍អីដែរ។ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងខណ្ឌឫស្សីកែវ ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ 1D-6649 ក៏ឃាត់យកមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញ និងដាក់ពាក្យបណ្តឹងតែម្តង។
សម្ភារបាត់បង់ មានលុយដុល្លារចំនួន២៥០០ដុល្លារ គ្រឿងចក្រអេឡេវ៉ាទ័រ១គ្រឿង តម្លៃ១៧០០០ដុល្លារ។ សម្ភារបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1D-6649 របស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕