ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលតែម្នាក់ឯងនៅតាមផ្លូវ ដោយមានអាការកន្ត្រាក់ដៃ កន្ត្រាក់ជើង និងមានស្នាមរលាត់ស្បែកមួយចំហៀងខ្លួន សង្ស័យប្រើប្រាស់ថ្នាំក្រវីលើសកម្រិត និងត្រូវបុរសជាដៃគូដឹកមកទម្លាក់ចោលតាមផ្លូវ។

ករណីខាងលើនេះ បានបង្កមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្រីស្អាតដែលដេកដួលរវើរវាយតាមផ្លូវ សង្ស័យប្រើថ្នាំគ្រវីលើសកម្រិតខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គឺជាជនជាតិចិន។

តាមប្រភពពីបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ដែលប្រទះឃើញហេតុការណ៍ខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងឈប់ម៉ូតូអង្គុយចាំម៉ូយរាល់ថ្ងៃនៅចំណុចមុខមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្រាប់តែឃើញម៉ូតូមួយគ្រឿង មិនចាំម៉ាកនិងស្លាកលេខ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានដឹកនារីជនជាតិចិនម្នាក់មកទម្លាក់ចោលនៅលើចិញ្ចើមផ្លូវ រួចក៏បើកម៉ូតូចេញទៅវិញបាត់យ៉ាងឆាប់រហ័ស។

ចំណែកនារីជនជាតិចិនរូបនោះវិញមានអាការកន្ត្រាក់ដៃកន្ត្រាក់ជើង និងមានស្នាមដួលរលាត់ស្បែកមួយចំហៀងខ្លួនទៀតផង។ ឃើញបែបនេះ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទឹកថ្លា ចុះមកពិនិត្យមើលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងព្យាយាមសួរនាំនារីរូបនោះ តែនារីជនជាតិចិននោះ និយាយភាសាចិនតែ២-៣ម៉ាត់ ក៏ឈប់និយាយ មិនដឹងថានិយាយអ្វីទេ ព្រោះមិនមានអ្នកចេះបកប្រែភាសាចិនឡើយ ហើយត្រូវបានប្រជាពលរដ្ឋ សន្ឋិដ្ឋានថាសង្ស័យប្រើប្រាស់ថ្នាំក្រវីលើសកម្រិត។
ក្រោយកើតហេតុ នារីជនជាតិចិនរូបនេះត្រូវបានសមត្ថកិច្ចនិងប្រជាការពារសង្កាត់ទឹកថ្លា ហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យនិងជួយសង្គ្រោះបន្ត៕