Tuesday, November 25, 2025
Homeព័ត៌មានជាតិទ្រង់ធម្មិកោ ថា រឹតបន្តឹងច្បាប់ចរាចរណ៍ គាបអ្នកតូចតាច ស្រួលជាងពួកពុករលួយ

ទ្រង់ធម្មិកោ ថា រឹតបន្តឹងច្បាប់ចរាចរណ៍ គាបអ្នកតូចតាច ស្រួលជាងពួកពុករលួយ

ភ្នំពេញ ៖ ស្របពេលមេប៉ូលិសជាតិ ប្រើកម្លាំងជិត៤ពាន់នាក់ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានលើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ គឺជាការដាក់សម្ពាធគាបអ្នកតូចតាច ស្រួលជាងប្រមូលលុយពីពួកពុករលួយបំផ្លាញជាតិ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបង្ហោះរូបភាពសមត្ថកិច្ចត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ជាមួយសំណេរថា “ដាក់សម្ពាធលើអ្នកតូចតាច ងាយស្រួលជាងប្រមូលលុយពីពួកពុករលួយបំផ្លាញជាតិ។ អរគុណ! សន្តិភាព របបមហាពុករលួយ”។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទចូលច្រើនដងគ្មានការលើកទទួល។ 

សាររបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ

ហាក់ស្របនឹងការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោកប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ ថា “នេះជាសម្ពាធថ្មីលើប្រជាពលរដ្ឋខ្មែរ បន្ថែមលើមេរោគកូរ៉ូណា អំពើពុករលួយ និងការជិះជាន់របស់មន្ត្រីរដ្ឋាភិបាល CPP! មេដឹកនាំ CPP ឱ្យពលរដ្ឋរស់ជាមួយសន្តិភាព (ក្លែងក្លាយ) តែក្រុមមេដឹកនាំទាំងនោះរស់ជាមួយលុយ និងទ្រព្យសម្បត្តិស្តុកស្តម្ភ! ពួកឯងស៊ីសន្តិភាពចុះ តែអញស៊ីលុយ!”។

សាររបស់លោកប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ

លោកហ៊ុន កុសល អតីតយុវជននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២០ ថា “យើងគាំទ្រឱ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងផាកពិន័យ ប៉ុន្តែភាគីរដ្ឋក៏ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

សាររបស់លោកហ៊ុន កុសល អតីតយុវជននៃអតីតគណបក្សសង្គ្រោះជាតិ

១-ប្រកាសច្បាប់ និងពន្យល់ឱ្យប្រជាពលរដ្ឋឱ្យដឹងពីច្បាប់ និងរបៀបអនុវត្តន៍ គឺចង្អៀតមិនទូលាយ ព្រោះពលរដ្ឋមួយចំនួនធំ មិនបានដឹងថា រដ្ឋរឹតបន្តឹងច្បាប់ចរាចរណ៍ផង។

២-ប្រជាពលរដ្ឋមិនទុកចិត្តមន្ត្រីអនុវត្តន៍ច្បាប់ ព្រោះតែទម្លាប់ពុករលួយ កិបកេង ឬធ្វើស៊ី។

៣-ភ្លើងស្តុប ជាច្រើនកន្លែង មិនទាន់ត្រឹមត្រូវតាមបច្ចេក កន្លែងខ្លះដាច់ក៏មានលោតសញ្ញាភ្លើងស្មើក៏មាន, កន្លែងមិនត្រូវមានស្តុប ប៉ុន្តែបែរជាមានស្តុបក៏មាន។

៤-ការអនុវត្តច្បាប់ត្រូវស្មើភាពគ្នា មិនមែនខុសតែពលរដ្ឋតូចតាច ប៉ុន្តែស៊ុមគ្រលុំជាមួយអ្នកមានអំណាច ផុតពីការផាកពិន័យ។

៥-ពង្រាយប៉ូលិសទាំងហ្វូង និងឯកសណ្ឋានផ្សេងគ្នា ខ្លះកាន់កាំភ្លើងច្រងេងច្រងាង មើលទៅហាក់ដូចគំរាមប្រជាពលរដ្ឋច្រើនជាងការអនុវត្តច្បាប់ស៊ីវិល។

៦-លុយផាកពិន័យ ត្រូវតែចូលជាថវិកាជាតិយ៉ាងប្រាកដ។

៧-ក្នុងពេលអនុវត្តភារកិច្ច សមត្ថកិច្ចមិនត្រូវឆ្លៀតដំឡើងប្ញកខ្លួនឯងខ្ពស់ ខុសពីវិជ្ជាជីវៈជាអ្នកអនុវត្តន៍ច្បាប់”។

សាររបស់លោកមុត ចន្ថា ជំនួការលោកកឹម សុខា

លោកមុត ចន្ថា ជំនួយការលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា “ថ្ងៃទី១ ខែឧសភា ស្អែកនេះ នគរបាលចរាចរណ៍ចាប់ផ្តើមអនុវត្តច្បាប់វិសោធនកម្មនៃច្បាប់ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យដែលភ្ជាប់ជាមួយពិន័យជាប្រាក់យ៉ាងខ្ពស់ទៀតផង។ អាជ្ញាធរអះអាងថា ការអនុវត្តច្បាប់តឹងរ៉ឹង និងផាកពិន័យខ្ពស់នេះ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

យើងខ្ញុំជាប្រជាពលរដ្ឋសូមស្នើដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យមើលបញ្ហាបច្ចេកទេសមួយចំនួន ជាអាទិ៍ ៖

-ភ្លើងស្តុបដែលដំណើរការមិនត្រឹមត្រូវ ដូចជាភ្លើងស្តុបនៅកន្លែងខ្លះ ភ្លើងលឿងពុំដំណើរការ គឺភ្លើងបៃតង លោតចូលភ្លើងក្រហមតែម្តង។

-ភ្លើងស្តុបនៅកន្លែងខ្លះ ជាពិសេសនៅផ្លូវបំបែកជាបួន ដែលភ្លើងបៃតង មិនមានរយៈវិនាទីស្មើគ្នា ឬដើរលឿនពេក ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ ឬរថយន្តត្រូវឈប់លើទ្រូងផ្លូវ ជាដើម។

-ស្លាកសញ្ញាចរាចរណ៍នៅកន្លែងខ្លះ ដូចជា សញ្ញាកំណត់ល្បឿន សញ្ញាហាមបត់៘ ត្រូវបានបាំងជិត ឬដាក់នៅកន្លែងដែលមើលមិនសូវឃើញ។

-QR Code ត្រូវបានបង្កើតនៅលើស្លាកលេខ ក្រដាសពន្ធរថយន្ត និងក្រដាសត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឈៀក) តែសមត្ថកិច្ចនៅតែតម្រូវឱ្យបង្ហាញឯកសារ ដើម។ អ្នកប្រើប្រាស់យានយន្ត ហាក់ពុំចង់ដាក់ឯកសារដើមនៅក្នុងយាយន្ត ព្រោះបារម្ភខ្លាចបាត់បង់ជាយថាហេតុ។

-វត្តមាននគរបាលចរាចរ គួរតែស្ថិតនៅចំណុចដែលងាយមើលឃើញច្បាស់ ។

ពលរដ្ឋប្រាកដជាចៀសមិនផុតពីការទទួសខុសត្រូវចំពោះមុខច្បាប់ហើយ ប៉ុន្តែអាជ្ញាធរក៏មានកាតព្វកិច្ចរៀបចំលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងច្បាប់កំណត់ផងដែរ”។

លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់ទ្រង់ធម្មិកោ និងក្រុមប្រឆាំងមួយចំនួនខាងលើនេះ លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រតិកម្មឆ្លើយតបតាមរយៈ “នគរធំ” នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះមិនមែនគាបសង្កត់អ្នកតូចតាចឡើយ តែដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព។

លោកឆាយ គឺមខឿន បានមានប្រសាសន៍ថា “យើងមើល! ទី១ យើងដឹងហើយថា ធម្មិកោ ហ្នឹងមនុស្សរបៀបម៉េចហើយ អាហ្នឹងទី១ ហើយមួយវិញទៀត គាត់អត់មានផ្តល់ ឬមួយប្រតិកម្មអីជាមួយនឹងការសរសើរដល់រដ្ឋាភិបាល ដល់សមត្ថកិច្ច អាជ្ញាធរដែរ គឺគាត់រកតែកន្លែងបកស្រាយ ដើម្បីឱ្យគេស្តាប់ទៅហៅថា មានផលអវិជ្ជមាន តែសម្រាប់ការឆ្លើយតប សូមបញ្ជាក់ថាអ៊ីចេះ!

យើងធ្វើនេះអត់មានទៅធ្វើបាបជនតូចតាចស្លូតត្រង់ ឬប្រជាពលរដ្ឋដែលគាត់ទន់ខ្សោយទេ គឺយើងធ្វើនេះជាការរឹតបន្តឹងច្បាប់ គោលបំណងគឺចង់កាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ការពារជីវិតប្រជាពលរដ្ឋ អត់មានទៅធ្វើបាបអ្នកណាទេ ហើយកុំលើកបញ្ហាថា ពិន័យខ្ពស់ ធ្វើបាបប្រជាពលរដ្ឋ មិនមែនទេ ចុះបើយើងគោរពច្បាប់ មានអ្នកណាគេពិន័យយើង?

សំខាន់គឺយើងធ្វើការអនុវត្តច្បាប់ ការពារពួកគាត់ បើគាត់ខ្លាចពិន័យ បានន័យថា គាត់ត្រូវតែគោរពច្បាប់ឱ្យបានត្រឹមត្រូវ បើគាត់គោរពច្បាប់ត្រឹមត្រូវ បានសេចក្តីថា គាត់ការពារជីវិតគាត់ហើយ។ ដូច្នេះទស្សនៈគាត់ (ទ្រង់ធម្មិកោ) និយាយនេះ គ្រាន់តែជាទស្សនៈកេងចំណេញនយោបាយទេ ចង់និយាយថា ជាទស្សនៈអគតិសុទ្ធតែម្តង គ្មានខួរក្បាលគិតទេ គេធ្វើអីក៏ខុសដែរ”។

លោកឆាយ គឺមខឿន បន្តថា “ចំពោះគាត់និយាយថា ពុករលួយៗកន្លែងណា? ខ្ញុំអត់យល់ដែរ។ អ៊ីចឹងបានថា គាត់លើកមកដើម្បីបង្កើត តែកេងចំណេញ ដើម្បីចោទថា គេពុករលួយ ចោទថា គេអាក្រក់ គេអីប៉ុណ្ណឹង។ ប្រាប់ហេតុផលមក ត្រង់ណាដែលពុករលួយ? បើគាត់អនុវត្តស្របច្បាប់ គេពិន័យតាមច្បាប់ រឿងពុករលួយ?

លើកលែងតែបងប្អូនធ្វើខុសច្បាប់ បំពានទៅរឿងសិទ្ធិប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ឬក៏ផលប្រយោជន៍ដែលមិនស្របច្បាប់ បំពានទៅលើប្រជាពលរដ្ឋ អាហ្នឹងគាត់អាចចោទបាន ប៉ុន្តែបើសិនគេអនុវត្តត្រឹមត្រូវតាមច្បាប់ គឺអត់មានកន្លែងណាមកនិយាយថា ពុករលួយទេ ហើយយើងបានប្រកាសរួចហើយថា មន្ត្រីដែលអនុវត្តច្បាប់បានល្អ ត្រូវទទួលរង្វាន់លើកទឹកចិត្ត តែដែលខុស ត្រូវអប់រំតាមបទបញ្ជា តាមវិន័យរបស់នគរបាលជាតិ

ករណីធ្ងន់ធ្ងរ គឺយើងអនុវត្តវិធានការច្បាប់ គឺអត់មានកន្លែងណាថាគេពុករលួយទេ ហើយគ្រាន់តែ ពាក្យពុករលួយនេះ គាត់ថាអត់មានស្អីអះអាងផងហ្នឹង គាត់ចេះតែថា។ គេថាបាន យើងចង់ថាគាត់ម៉េចក៏បានដែរ តែមិននិយាយអីយកចិត្តទុកដាក់តបទៅវិញទេ គ្រាន់តែបំភ្លឺអ៊ីចឹង”។

លោកឆាយ គឹមខឿន បន្តទៀតថា “ចេតនាគាត់ ចេតនាប្រមាថ បង្កើតឱ្យបំពុលបរិយាកាសសង្គម បំពុលការយល់ដឹងរបស់ប្រជាពលរដ្ឋ បំបែរការយល់ដឹងរបស់ប្រជាពលរដ្ឋ។ ដូច្នេះ សូមបញ្ជាក់ថា ទី១ ការលើកឡើងនេះ វាគ្មានហេតុផលច្បាស់លាស់ ហើយជាការលើកឡើងបែបអគតិ យើងសំណូមពរប្រជាពលរដ្ឋមេត្តាពិចារណា ហើយដែលសំណូមពរសំខាន់បំផុតនោះ គឺសុំឱ្យនាំគ្នាបើកចិត្ត លើកកម្ពស់ស្មារតី អនុវត្តច្បាប់ទៅ គឺអត់មានស្អីកើតឡើងដូចគេចោទប្រកាន់ហ្នឹងទេ នាំគ្នាអនុវត្តច្បាប់ ការពារផលប្រយោជន៍ខ្លួនឯង ការពារអាយុជីវិតខ្លួនឯង និងការពារផលប្រយោជន៍អាយុជីវិតអ្នកដទៃ និងសង្គមជាតិ សំណូមពរប៉ុណ្ណឹង។

គោរពច្បាប់ គឺគ្មានអំពើពុករលួយទេ គេអត់មានទៅ ធ្វើស្អីគាត់ ដោយសារគាត់អត់បានធ្វើខុសច្បាប់ ទេ។ កាត់បន្ថយ (គ្រោះថ្នាក់ចរាចរណ៍) បាន ឬមិនបាន ស៊ីសងលើអ្នកអនុវត្ត អ្នកគោរពច្បាប់នេះឯង បានន័យថា ប្រជាពលរដ្ឋទាំងមូលរួមសហការជាមួយសមត្ថកិច្ច។

ច្បាប់ចេញហើយ សមត្ថកិច្ចបានរឹតបន្តឹងច្បាប់នេះហើយ ប៉ុន្តែសមត្ថកិច្ចគាត់ធ្វើ កាត់បន្ថយគ្រោះថ្នាក់ អាហ្នឹងយើងអត់ហ៊ានថាទេ ក៏ប៉ុន្តែយើងនាំគ្នាគោរពច្បាប់ រួមគ្នាក្នុងសង្គមទាំងមូលគោរពច្បាប់ ជឿជាក់ថា វានឹងថយចុះ ហើយថយចុះគួរឱ្យមោទនភាពទៀតផង”៕

កុលបុត្រ

RELATED ARTICLES