Tuesday, November 25, 2025
Homeព័ត៌មានជាតិស្ថាប័នពន្ធដារ បំភ្លឺ “ស្រុកខ្មែរ អ្នក ប្រមូលពន្ធ ជិះ Rolls Royce អ្នកបង់ពន្ធជិះឡានឥតកៅអី”

ស្ថាប័នពន្ធដារ បំភ្លឺ “ស្រុកខ្មែរ អ្នក ប្រមូលពន្ធ ជិះ Rolls Royce អ្នកបង់ពន្ធជិះឡានឥតកៅអី”

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីបំភ្លឺឆ្លើយតបចំពោះព័ត៌មាន និងរូបភាពមានប្រភពក្រុមប្រឆាំង ដែលថា “ស្រុកខ្មែរ អ្នកប្រមូលពន្ធ ជិះ Rolls Royce  អ្នកបង់ពន្ធជិះឡានឥតកៅអី” ហើយពាក់ព័ន្ធព័ត៌មាននេះ សារព័ត៌មាន “នគរធំ” ដោយមិនអាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធបាន យើងក៏បានធ្វើបទសម្ភាសន៍ជាមួយអតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងមន្ត្រីសង្គមស៊ីវិល ដែលជាអ្នកវិភាគនយោបាយនិងសង្គម ចុះផ្សាយកាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ លេខ១១៤១៤អពដ ចុះថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នោះ មានខ្លឹមសារទាំងស្រុងថា “នាពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយរូបភាពរថយន្តទំនើប Rolls Royce ដែលចតនៅមុខអគ្គនាយកដ្ឋានពន្ធដារ ដោយចុះផ្សាយអត្ថបទព័ត៌មានក្រោមចំណងជើងថា “ស្រុកខ្មែរ អ្នកប្រមូលពន្ធជិះ Rolls Royce អ្នកបង់ពន្ធជិះឡានឥតកៅអី” និង “ផ្ទុះការរិះគន់មន្ត្រីពន្ធដារ ជិះសុទ្ធតែឡានតម្លៃរាប់លាន ឯពលរដ្ឋង្នកបង់ពន្ធ រកឡានកញ្ចាស់ជិះមិនទាន់បានផង”។

អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការបំភ្លឺ ជនសាធារណជនជ្រាបថា ការចុះផ្សាយនូវអត្ថបទខាងលើ គឺជាការចុះផ្សាយនូវព័ត៌មានមិនពិត មានចរិតរករឿងបង្កបញ្ហា បង្កាច់បង្ខូច មន្ត្រីរបស់ស្ថាប័នរដ្ឋ និងបង្កើតជាតិមានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដែលការចុះផ្សាយព័ត៌មាននេះ អាចធ្វើឱ្យសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មានការយល់ច្រឡំថា មន្ត្រីពន្ធនាដារបានប្រើប្រាស់រថយន្តប្រណីត Rolls Royce នេះ។ ជាក់ស្តែង រថយន្តនេះជារបស់អ្នកជាប់ពន្ធដែលបានមកចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធទៅនឹងការបំពេញកាតព្វកិច្ចសារពើពន្ធជូនរដ្ឋ ហើយម៉្យាងវិញទៀត ទីតាំងនៅខាងមុខច្រកចូលរបស់អគ្គនាយកដ្ឋានពន្ធដារ មិនមែនជាចំណតសម្រាប់មន្ត្រីពន្ធដារប្រើប្រាស់នោះឡើយ គឺសម្រាប់ទុកជូនអ្នកជាប់ពន្ធប៉ុណ្ណោះ។

អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា សាធារណជននិងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ កុំមានការយល់ច្រឡំចំពោះអត្ថបទដែលបានចុះផ្សាយព័ត៌មានមិនពិតខាងលើ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់បណ្តាសារព័ត៌មានមួយចំនួនសូមធ្វើការដកស្រង់តែព័ត៌មានពិត និងចុះផ្សាយប្រកបដោយវិជ្ជាជីវៈ  ច្បាស់លាស់ ចៀសវាងការចុះផ្សាយគ្មានមូលដ្ឋានត្រឹមត្រូវ ដែលអាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងសូមស្វាគមន៍នូវការចុះផ្សាយព័ត៌មានទាំងឡាយណាដែលមានលក្ខណៈរិះគន់ក្នុងន័យស្ថាបនា ប្រកបដោយតម្លាភាពនិងសមភាព។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន”។

គួរបញ្ជាក់ថា ថ្មីៗនេះ មានគណនីបណ្តាញ សង្គមហ្វេសប៊ុកមួយ ឈ្មោះ “Khmer Hero” ដែលមាននិន្នាការប្រឆាំង បានបង្ហោះរូបភាព២សន្លឹក ជាការប្រៀបធៀបគ្នា គឺមួយជារូបភាពនៅមុខអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានរថយន្តប្រណីតទំនើបតម្លៃខ្ពស់កប់ពពក ២គ្រឿង ម៉ាក Rolls Royce ចតយ៉ាងឡូយនៅមុខច្រកផ្លូវចូលតែម្តង។ ចំណែករូបភាពមួយ ទៀតជារូបកម្មកររោងចក្រជិះឡានឈ្នួលគ្មានកៅអីអង្គុយទេ គឺឈរប្រជ្រៀតគ្នាយ៉ាងណែនណាន់។

ជាមួយនេះ គណនីហ្វេសប៊ុកខាងលើបានសរសេរថា  “សូមកុំមើលស្រាលនៃប្រទេសកម្ពុជា អ្នកណាថាស្រុកខ្មែរក្រ គ្រាន់តែអ្នកប្រមូលពន្ធ ជិះសុទ្ធតែឡានម៉ាក Rolls Royce។

តម្លៃពី $311,900 រហូតដល់ $492,425 មុននឹងបង់ពន្ធដារនិងថ្លៃដឹកជញ្ជូន ដូច្នេះទម្រាំដឹកដល់ស្រុកខ្មែរ តម្លៃប្រហែលជិត ឬក៏ជាង១លានដុល្លារ (Around $1,000,000 or more) ។ ហើយចំពោះអ្នកបង់ពន្ធឱ្យរដ្ឋវិញ ជិះឡានឥតកៅអីឥតខ្សែក្រវាត់ ហើយបានព្រឹក ខ្វះល្ងាច”៕

ខៀវទុំ

RELATED ARTICLES