ភ្នំពេញ ៖ គូស្នេហ៍១គូបាននាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់១កន្លែង លុះព្រឹកឡើង អត់មានលុយឱ្យគេ ក៏ត្រូវម្ចាស់ផ្ទះសំណាក់ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចុះឃាត់ខ្លួនសួរនាំ បែរជាប្រទះឃើញមានថ្នាំញៀន១កញ្ចប់តូច នៅជាប់ខ្លួន ទើបចាប់ឃាត់ខ្លួនគូស្នេហ៍មួយនេះនាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់យីហោ អឹមបូទិក ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីបានឱ្យដឹងថា ជនសង្ស័យជាគូស្នេហ៍ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ រួមមាន ៖
ទី១-ឈ្មោះម៉ែន រត្ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
និងទី២-ឈ្មោះសៀ ចរិយា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា១កូនថង់តូច)។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ខាងលើបាននាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់ខាងលើ លុះព្រឹកឡើងគ្មានលុយឱ្យ ទើបម្ចាស់ផ្ទះសំណាក់បានរាយការណ៍មកកម្លាំងប៉ុស្តិ៍ ចុះទៅអន្តរាគមន៍ ហើយបានត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់ ទើបឃាត់ខ្លួនពួកគេតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕