ភ្នំពេញ ៖ បុរសជាជាងដែកម្នាក់បានឡើងទៅប្រក់ដំបូលផ្ទះវីឡាមួយកន្លែង លុះអកុសល របូតដៃធ្លាក់ពីលើដំបូលផ្ទះដល់ដីបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ នៅត្រង់ចំណុចផ្ទះវីឡាមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងក្លឹបហាត់ប្រាណ ភូមិគ្រឹះចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលធ្លាក់ពីលើដំបូលផ្ទះស្លាប់ មានឈ្មោះណូ សុផាន អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅទីតាំងកើតហេតុ និងមានស្រុកកំណើតនៅខេត្តកណ្តាល។

តាមសម្តីយុវជនឈ្មោះសុខ ជាតិ អាយុ១៨ឆ្នាំ មុខរបរជាងដែក និងត្រូវជាក្មួយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគេនិងជនរងគ្រោះ បានចូលធ្វើការជួសជុលផ្ទះវីឡាកម្ពស់មួយជាន់អស់រយៈពេល៨ថ្ងៃមកហើយ ជារៀងរាល់ថ្ងៃពួកគាត់ធ្វើការមានគ្នាទាំងអស់ចំនួន៤នាក់។
ក្មួយរបស់ជនរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ ពួកគេទាំង៤នាក់កំពុងតែធ្វើការដោយទ្បើងប្រក់ក្បឿងដូចសព្វដង ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះក៏បានតោងឡើងតាមដែកមេដំបូលពីចំហៀងម្ខាងនៃផ្ទះវីឡាទៅខាងលើដំបូល ដើម្បីទៅប្រក់ក្បឿង ស្រាប់តែមិនដឹងជាយ៉ាងម៉េចបែរជារបូតដៃពីដែកមេដំបូល បណ្តាលឱ្យធ្លាក់ចុះទៅចំហៀងផ្ទះវីឡាកម្ពស់ប្រមាណ៨ម៉ែត្រ បោកក្បាលនឹងឥដ្ឋបែកឈាមហូរស្រោចខ្លួនតែម្តង។

ប្រភពដដែលបន្ថែមថា ភ្លាមៗនោះ កម្មករនិងជាងដែលកំពុងធ្វើការជួសជុលផ្ទះវីឡាកើតហេតុ បាននាំគ្នាលើកជនរងគ្រោះដាក់លើម៉ូតូ រួចប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗដែរ តែអកុសលពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានដំណឹងខាងលើនេះ សមត្ថកិច្ចបានចុះមកធ្វើការសួរនាំនៅចំណុចកើតហេតុ តែត្រូវម្ចាស់ទីតាំងក្លឹបហាត់ប្រាណខាងលើ ព្យាយាមលាក់បាំងសមត្ថកិច្ចបែរជានិយាយថា គ្មានរឿងអ្វីនោះទេ។ រហូតអស់រយៈពេលជាង២ម៉ោងក្រោយមក ទើបគ្រួសារសាច់ញាតិជនរងគ្រោះបានមកដល់កន្លែងកើតហេតុ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅធ្វើការអន្តរាគមន៍ ទើបម្ចាស់ទីតាំងព្រមសហការជាមួយសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យសពបុរសរងគ្រោះដែលតម្កល់នៅមន្ទីរពេទ្យព្រះកុសុមៈ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដំបូលផ្ទះប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕