Tuesday, November 25, 2025
Homeព័ត៌មានជាតិពួកគាត់ទាំង៤៦នាក់ ជឿស្លុងពេក ដាច់បាយផង ទះមូសផង

ពួកគាត់ទាំង៤៦នាក់ ជឿស្លុងពេក ដាច់បាយផង ទះមូសផង

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ បន្ទាប់ពីបោកពលករចម្រុះជិត៥០នាក់ ដាច់បាយក្រហាយទឹកក្នុងព្រៃ តាមបញ្ជាលោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានពិគ្រោះគ្នា ហើយដាក់បញ្ជាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឱ្យកងកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់មេខ្យល់ ដែលបោកប្រាស់លើពលករខ្មែរ ចំនួន៤៦នាក់ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម៉ោង៥និង១៥នាទីល្ងាច នៅច្រករបៀងនៃព្រំដែនថៃ ស្ថិតក្នុងភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា មានពលករខ្មែរប្រុសស្រីចាស់ក្មេង ចំនួន៤៦នាក់ ត្រូវបានទាហានឈុតខ្មៅថៃ នៅប៉ុស្តិ៍០៤ ទល់មុខឃុំបឹងបេង ចាប់បាន ហើយបញ្ជូនមកកម្ពុជាវិញ។ ពលករទាំងនោះជួបការលំបាកជីវភាព ហើយអន្ទះសាចង់វិលទៅរកការងារធ្វើនៅប្រទេសថៃ។ បើទោះជាប្រទេសនេះ បន្តបិទចោលការងាររាប់លានកន្លែង ក្នុងបំណងទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្តី។

ហេតុនេះ ពលករទាំងនោះត្រូវចាញ់បោកមេខ្យល់ដែលអះអាងថា នឹងនាំពួកគេចូលក្នុងទឹកដីថៃ តាមច្រករបៀង ចំណុចកែងអូរល្វា ក្នុងភូមិសាស្ត្រឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់នឹងឃុំជ្រៃសីមាស ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមេសា។

ប្រភពសមត្ថកិច្ចឱ្យដឹងដែរថា ក្នុងចំណោមពលករខ្មែរទាំង៤៦នាក់នោះ ពួកគេថា បានបង់លុយឱ្យមេខ្យល់ ក្នុងម្នាក់២.៥០០បាត ជាថ្នូរនឹងថ្លៃឈ្នួលនាំផ្លូវ ថ្លៃដឹកជញ្ជូន និងថ្លៃហូបចុកតាមផ្លូវក្នុងដំណើរផ្លូវងងឹត ពីច្រករបៀងព្រំដែនកម្ពុជា-ថៃ រហូតដល់ការដ្ឋានការងារនៅក្រុងបាងកក ប្រទេសថៃ។ ប៉ុន្តែពេលនាំដល់ច្រករបៀងព្រំដែនខាងលើ ក៏បំបរបង់ពលករទាំងនោះទុកចោលក្នុងព្រៃរបោះនៅតំបន់ព្រំដែន ឱ្យដេកទះមូសដាច់បាយក្រហាយទឹកតែម្តង។

មន្ត្រីនគរបាលការពារព្រំដែន និងពលរដ្ឋនៅម្តុំនោះ សម្តែងការអាណិតដល់ពលករដែលចាញ់បោកមេខ្យល់។ តែក៏បានស្តីបន្ទោសលើភាពឆោតល្ងង់ជឿគេខុសទំនង រហ័សរហន់ចង់បានការងារធ្វើខុសរឿង រហូតចាញ់បោកគេឱ្យរងទុក្ខបែបនេះ។

ទោះជាយ៉ាងណា ក៏សមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅព្រលប់ថ្ងៃទី២៩ ខែមេសា ថា សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនមេខ្យល់ឆបោកលើពលករខ្មែរ ទាំង៤៦នាក់បាននៅឡើយទេ ហើយកំពុងតែបន្តស្រាវជ្រាវ៕

RELATED ARTICLES