ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា បានចាត់ទុកសហគមន៍អាស៊ាន ជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់ប្រជាជនខ្មែរ។
សម្តេចហ៊ុន សែន បានលើកឡើងបែបនេះក្នុងឱកាសខួបទី២១ ដែលកម្ពុជា បានចូលជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០)។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា “អបអរសាទរខួប២១ឆ្នាំ ដែលកម្ពុជា ចូលជាសមាជិកអាស៊ាន! ថ្ងៃនេះគឺជាខួប២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជា ចូលជាសមាជិកអាស៊ាន។
ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩ មក កម្ពុជា បានធ្វើការ យ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូលក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម”។

សម្តេចហ៊ុន សែន បានសរសេរបន្តថា “ជាការពិត អាស៊ាន បានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍផ្នែកនយោបាយសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជា ចាត់ទុកសហគមន៍អាស៊ាន ជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់ប្រជាជនខ្មែរ”៕
ខៀវទុំ