ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះសម្តេចនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់អ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រគណនីហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ថា “បើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ នៅពេលនេះការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺកំពុងដំណើរការនៅទូទាំងប្រទេស។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្ត ត្រូវមានប័ណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញ ត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឱ្យបានត្រឹមត្រូវ មុននឹងបញ្ជា យានយន្តនៅលើដងផ្លូវសាធារណៈ”។
សម្តេចហ៊ុន សែន បានសរសេរបន្តថា “ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។ យើងមិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយ។
សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស”។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ តទៅ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នឹងធ្វើការរឹតបន្តឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់កម្លាំងនគរបាលសរុបចំនួន ៣៩១៩នាក់ ធ្វើការត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន៥៦៨គោលដៅនៅទូទាំងប្រទេស។
ជាមួយនេះ អគ្គស្នងការដ្ឋានគរបាលជាតិ បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទូទាំងប្រទេស ចូលរួមសហការ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ខៀវទុំ